ឪពុកម្ដាយ​ស្លាប់ ខណៈ​កូន​របួសធ្ងន់​ដោយសារ​ជិះ​ម៉ូតូ​បុក​គោ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2017 ក+ ក-

ខេត្តព្រះវិហារ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ និង​កូន ស្លាប់ និង​របួសធ្ងន់ ខណៈ​កំពុង​ជិះ​ម៉ូតូ​ដឹក​គ្នា​ត្រឡប់មក​ទិញ​ម្ហូប​នៅ​ផ្សារ ទៅផ្ទះ​វិញ​មិន​ប្រយ័ត្ន​បុក​គោ ។ ករណីនេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៩ ពីរ​ង្វ​ល់​មូល​ផ្សារ​ស្រអែម​ឆ្ពោះទៅកាន់​តំបន់​ប្រាសាទព្រះវិហារ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២២៥-២២៦ ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ធម្មជាតិ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេ​ត​ព្រះវិហារ​។​
​បុរស​ជា​ប្តី​ឈ្មោះ ក្រូច ទ្រូ អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ ប្រពន្ធ​ឈ្មោះ ប៉ែន ចន្ថា អាយុ​៤៣​ឆ្នាំ មុខរបរ​កសិករ និង​កូន​ឈ្មោះ វង្ស ធារ៉ា អាយុ​១៩​ឆ្នាំ រងរបួស​ធ្ងន់ ជនរងគ្រោះ​ទាំង​៣ រស់នៅ​ភូមិ​តេ​ជោ​បុស​ស្បូវ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​
​បើតាម​នាយប៉ុស្តិ៍​នគរបាល​ឃុំ​ស្រឯម លោក​អនុសេនីយ៍ឯក ហ៊ុយ សុ​ផុន បាន​ឲ្យ​ដឹងថា មុនពេល​កើត បុរស និង​ស្ត្រី រួម​និង​កូន​ម្នាក់​ផង​នោះ បាន​ជិះ​ម៉ូតូ​ម៉ា​កវេ​វ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ឌុប​គ្នា​ត្រឡប់​មកពីផ្សារ មកដល់​ចំណុចកើតហេតុ ក៏​បុក​គោ​ពេញទំហឹង បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ និង​កូន​បោក​ក្បាល​នៅលើ​ដងផ្លូវ រងរបួស​ធ្ងន់​។ លោក​បន្តថា ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​សម្តេច ជា ស៊ីម ស្រះ​ក្តុល​ដឹក​យកមក​សង្គ្រោះ​ភ្លាមៗ តែ​អកុសល​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ក្រោយ​បញ្ជូន​មកដល់​មន្ទីរពេទ្យ ក៏​ស្លាប់​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ដោយឡែក​កូនរង​របួស​ធ្ងន់​។​
​ក្រោយ​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​បានប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕