មនុស្ស​០៣​នាក់​ស្លាប់ ក្នុងករណី​បាញ់ប្រហារ​នៅ​សាលារៀន​នៃ​រដ្ឋ New Mexico
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2017 ក+ ក-

​អាមេរិក ៖ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួរ បាន​រាយការណ៍​ថា មនុស្ស​០៣​នាក់​បាន​ស្លាប់បាត់​ជីវិត ក្នុងនោះ​មាន​សិស្សសាលា​ពីរ​នាក់ និង​ខ្មាន់កាំភ្លើង​ម្នាក់ នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​ក្នុង​សាលារៀន​មួយកន្លែង​ស្ថិតនៅ ភាគ​ពាយ័ព្យ​នៃ​រដ្ឋ​ញូ​មិច​ស៊ី​កូ (New Mexico) សហរដ្ឋអាមេរិក​។
​ប៉ូលិស​បាន​និយាយថា ហេតុការណ៍​បាញ់ប្រហារ​ខាងលើ​បានកើត​ឡើង​កាលពី​ម៉ោង​៨ និង​០០​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ (​ម៉ោង​នៅ​វ៉ាស៊ីនតោន​) នៅឯ​សាលា​ឈ្មោះ Aztec High School ក្នុង​តំបន់ អាស​តិច (Aztec) ដែល​ស្ថិតនៅ​ចំងាយ​២៩០​គីឡូម៉ែត្រ ពី​ភាគ​ពាយ័ព្យ​រដ្ឋ New Mexico​។ ទោះបីយ៉ាងណា​ប៉ូលិស​មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ឡើយ ដោយ​គ្រាន់តែ​ថា ខ្មាន់កាំភ្លើង​គឺជា​បុរស​ម្នាក់​។​
​ជុំវិញ​ខាងលើនេះ​ប៉ូលិស​នៅ​កំពុងតែបន្ត​ការស៊ើបអង្កេត និង​ជំរុញ​ឱ្យ​អ្នក​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក រាយការណ៍​ដល់​ប៉ូលិស​បន្ថែមទៀត​៕