ប្រមុខ​ការ​ទូក​បារាំង ៖ ការសម្រេចចិត្ត​របស់ លោក ត្រាំ គឺ​ខុសច្បាប់​អន្តរជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 December, 2017 ក+ ក-

​ប៉ារីស ៖ រដ្ឋមន្ត្រី​ការ​ទេស​បារាំង លោក Jean-Yves le Drian បាន​និយាយថា ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល គឺជា​ទង្វើ​ផ្ទុយទៅនឹង​ច្បាប់​អន្តរជាតិ ប៉ុន្តែ​លោក​សូម​ឲ្យ​គ្រប់គ្នា​មានការ​ស្ងប់ស្ងាត់ កុំ​ឲ្យ​ស្ថានការណ៍​កាន់តែ​រីក​ធំ​។ លោក​បញ្ជាក់ថា សកម្មភាព​ប្រឆាំង​អ៊ីស្រាអែល ឬ​គេ​ស្គាល់​ថា intifada អាច​នឹង​បង្ក​ជា ហានិភ័យ​នៅលើ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​។ នេះ​បើ​យោងតាម​សារព័ត៌​មានបារាំង Le Figaro​។​
​លោក Jean-Yves le Drian ថ្លែង​បែបនេះ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង France inter តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុនទី​ក្រុងប៉ារីស ត្រូវ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សន កិច្ច​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benyamin Netanyahou នៅ​ថ្ងៃអាទិត្យ​នេះ​។
​រដ្ឋមន្ត្រីការបទេស​បារាំង​រូបនេះ​បាន​បញ្ជាក់ថា «​ការសម្រេចចិត្ត របស់លោក ដូ​ណា​ល់ ត្រាំ គឺជា​ទង្វើ​ផ្ទុយទៅនឹង​ច្បាប់​អន្តរជាតិ ហើយ​យើង​ជំទាស់​នឹង​កា​រស​ម្រេ​ចិត្ត​បែបនេះ​… ប៉ុន្តែ​យើង​នៅតែ​អំពាវនាវ​ឱ្យមាន​ការរក្សា​ភាព​ស្ងៀមស្ងាត់​»​។
​សូមបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​បានប្រកាស​ទទួល​ស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ហើយក៏​បាន បញ្ជា​ឱ្យ​ក្រសួងការបរទេស​អាមេរិក ត្រៀម​រៀបចំ​ផ្លាស់ប្ដូរ​ស្ថានទូត​អាមេរិក​ពី​ទីក្រុង​តែ​ល​អា​វីវ ទៅកាន់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ផងដែរ​៕