ផ្ទុះការតវ៉ា​ដោយ​ហិង្សា​នៅ​ជិត​ស្ថានទូត​អាមេរិក​ក្នុងប្រទេស​លី​បង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2017

​លី​បង់ ៖ កាលពី​ថ្ងៃអាទិត្យ​ក្រុមបាតុករ​បានធ្វើ​ការតវ៉ា​នៅ​ជិត​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ប្រទេស​លី​បង់​ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែល​បានទទួល​ស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ថា ជា​រដ្ឋធានី​ប្រទេស​អ៊ីស្រាអែល​។​
​ក្រុមអ្នកតវ៉ា​មួយចំនួន​បាន​គ្រវីទង់ជាតិ ហើយ​ខ្លះទៀត​បាននាំគ្នា​ដុត​ភ្លើង និង​ដុត​ទង់ជាតិ​សហរដ្ឋ​អា​មេ រិ​ក និង​ប្រទេស​អ៊ីស្រាអែល​នៅតាម​ផ្លូវ និង​ចោល​វត្ថុ​រឹង​ទៅលើ​កងកម្លាំង​សន្តិសុខ​ដែល​បាន​បិទផ្លូវ​សំខាន់​ធ្វើដំណើរ​ទៅ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​តំបន់​អាវ​កា​នៅ​ខាងជើង​ទីក្រុង​បេ​រូត​នៅ​ប្រទេស​លី​បង់​។ ប្រទេស​លី​បង់​ដែលមាន​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​ប្រហែល​៤៥​ម៉ឺន​នាក់​បាន​ថ្កោលទោស​ចំពោះ​ការសម្រេចចិត្ត​របស់លោក ត្រាំ ហើយ​កាលពី​សប្ដាហ៍​មុន​ប្រធានាធិបតី​ប្រទេស​លី​បង់​គឺ​លោក ម៉ៃ​ឃែ​ល អូន បាន​ហៅ​ទង្វើ​នេះ​ថា ជាការ​គំរាមកំហែង​ចំពោះ​ស្ថិរភាព​តំបន់​។​
​សូមបញ្ជាក់ថា ការដែល​លោក ត្រាំ ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​ប្រទេស​អ៊ីស្រាអែល​បានធ្វើ​ឲ្យ​ពិភព​អារ៉ាប់​ខឹងសម្បារ​យ៉ាងខ្លាំង​ព្រមទាំង​ធ្វើ​ឲ្យ​សម្ពន្ធមិត្ត​បស្ចិម​លោក​អាក់អន់ចិត្ត​ដោយ​និយាយថា វា​ជា​ឧ​ប​ស័គ្គ​មួយ​ចំពោះ​កិច្ចប្រឹងប្រែង​សន្តិភាព និង​អាច​បង្កចលាចល​បន្ថែម​ទៀត​នៅ​មជ្ឈិមបូព៌ា​៕