វាយប្រហារ​ភេរវកម្ម​ទៀតហើយ​នៅ​ទីក្រុង​ញូយ៉ក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2017

​ញូយ៉ក ៖ ​អភិបាលក្រុង​ញូយ៉ក​និយាយថា មនុស្ស​០៤​នាក់​រងរបួស​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​កែច្នៃ​នៅក្នុង​សង្កាត់ Manhattan ទីក្រុង​ញូយ៉ក​កាលពី​ម្សិលមិញ ខណៈដែល​គេ​អះអាងថា គឺជា​ការប៉ុនប៉ង​វាយប្រហារ​ភេរវកម្ម ។ នេះ​បើ​យោង​ទីភ្នាក់ងារសារព័ត៌មាន Reuters ។​
​បើតាម​អភិបាលក្រុង​ញូយ៉ក លោក Bill de Blasio ហេតុការណ៍​ផ្ទុះ​មួយ​បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា ៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ចន្ទ​នេះ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) នៅឯ​ផ្លូវ​ក្រោម​ដី​មួយកន្លែង​ភ្ជាប់​ពី​ទីលាន Times Square ទៅកាន់​ចំណត​រថយន្ដក្រុង Port Authority​។ ចំណែក​ប៉ូលិស​នៅក្នុង​តំបន់ ក៏បាន​ឱ្យដឹង​ដែរ​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ Akayed Ullah ត្រូវបាន​ចាប់ខ្លួន​ខណៈ​មនុស្ស​បួន​នាក់​ផ្សេងទៀត​រួមទាំង​ជនសង្ស័យ​បាន​រងរបួស​។​
​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​នេះ បានកើត​ឡើង​ពីរ​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​បុរស​ជន​ជា​អ៊ូ​បេ​គី​ស្ថាន​ម្នាក់ បានសម្លាប់​មនុស្ស​០៨​នាក់ ដោយ​ការបើក​រថយន្ដ​បំ​បុក មនុស្ស​នៅក្នុង​ទីក្រុង​ញូយ៉ក ហើយ​ក្រុម ISIS បាន​ចេញមុខ​ទទួលខុសត្រូវ​៕