វ្ល៉ា​ឌី​មៀ ពូ​ទីន ៖ ទង្វើ​របស់​អាមេរិក​កំពុង​បង្ក​អស្ថិរភាព​ក្នុង​តំបន់​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2017 ក+ ក-

​អង់កា​រ៉ា ៖ កាលពី​ម្សិលមិញ​ប្រធានាធិបតី​ប្រទេស​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយថា ការ​ទង្វើ​របស់​សហរ​ដ្ឋ​អាមេរិក​ក្នុងការ​ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល​និង​ការ​រើ​ស្ថានទូត​អាមេរិក​ទៅ​ទីនោះ​គឺជា​ការបង្ក​ឲ្យ​មាន​អស្ថិរភាព​នៅ​តំបន់​មជ្ឈិមបូព៌ា​។​
​លោក ពូ​ទីន ថ្លែង​បែបនេះ​ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​ប្រទេស​តួ​ក​គី​គឺ​លោក រ៉េ​ស៊ី​ប តា​យី​ប​អេ​ដូ​ហ្គា​ន នៅ​ទីក្រុង​អង់កា​រ៉ា​ប្រទេស​តួ​ក​គី​។ ទន្ទឹម​នោះ​លោក ពូ​ទីន ក៏បាន​ប្រកាស​ពី​ជ័យជម្នះ​នៅ​ប្រទេស​ស៊ី​រី​នៅពេល​លោក​បានធ្វើ​ដំណើរ​ទៅ​ពិនិត្យមើល​មូលដ្ឋាន​យោធា​របស់​ប្រទេស​រុស្ស៊ី​នៅ​ប្រទេស​ស៊ី​រី និង​បាន​និយាយ​កោតសរសើរ​ពី​តួនាទី​របស់ខ្លួន​នៅក្នុង​ជម្លោះ​នៅ​ប្រទេស​ស៊ី​រី​ផងដែរ​។ ក្រៅពីនេះ​លោក​ក៏បាន​បញ្ជា​ឲ្យ​គេ​ដក​កងទ័ព​របស់​ប្រទេស​រុស្ស៊ី​មួយផ្នែក​ចេញពី​ប្រទេស​ស៊ី​រី​។​
​សូមបញ្ជាក់ថា លោក ពូ​ទីន បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​អង់កា​រ៉ា​ក្រោយពី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អេ​ហ្ស៊ី​ប និង​ប្រទេស​ស៊ី​រី​ដើម្បី​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ប្រទេស​ទាំងនេះ​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ និង​ការពង្រឹង​ទំនាក់ទំនង​ជាមួយគ្នា​៕