លោក គីម ជុង​អ៊ុន បន្ត​ជំរុញ​ឲ្យ​ផលិត​សព្វាវុធ​ឲ្យ​បាន​ច្រើន​ថែមទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2017 ក+ ក-

​កូរ៉េខាងជើង ៖ ​មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​និយាយ​ក្នុង​មហាសន្និបាត​ដ៏​កម្រ​មួយ​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​ថា ប្រទេស​កូរ៉េខាងជើង​គួរតែ​បង្កើន​ការផលិត​សព្វាវុធ​ថ្មីៗ​ឲ្យ​បាន​ច្រើន​ថែមទៀត​ដើម្បី​ឲ្យ​មាន​កម្លាំង​ខ្លាំង​ជាង​ប្រទេស​ជាស​ត្រូវ​របស់ខ្លួន​។​
​ទូរទស្សន៍​រដ្ឋ​នៅ​ប្រទេស​កូរ៉េខាងជើង KRT ពីថ្ងៃ​ម្សិលមិញ​នេះ​បានបង្ហាញ​វីដេអូ​ពី​លោក ជុង​អ៊ុន ព្រមទាំង​មន្ត្រីក្រោមឱវាទ​ផ្សេងទៀត​កំពុង​ជួបប្រជុំគ្នា​នៅ​ស​ន្នី​សីទ​ឧស្សាហកម្ម​លើក​ទី​៨​នៅ​មជ្ឈមណ្ឌល​វប្បធម៌​មួយ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​។ ទូរទស្សន៍​នេះ​បាន​និយាយថា លោក ជុង​អ៊ុន បាន​និយាយ​ទៅកាន់​សន្និសីទ​នេះ​ដោយបាន​សរសើរ​ចំពោះ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​របស់​ប្រទេស​កូរ៉េខាងជើង​កន្លងទៅ​ថ្មីៗ​នេះ​។ ទន្ទឹម​នោះ​មេដឹកនាំ​ប្រទេស​ក​ម្មុយ​និ​ស្ត​មួយ​នេះ​ក៏បាន​ជំរុញ​ឲ្យ​បន្ត​ផលិត​មី​ស៊ី​ល​ដែល​អាច​ផ្ទុក​ក្បាល​នុយក្លេអ៊ែរ​ដែលមាន​សមត្ថ​ភាព​អាច​បាញ់​ដល់​ទឹកដី​សហរដ្ឋអាមេរិក​នៅ​ពេលអនាគត​ផងដែរ​។​
​សូម​រម្លឹកថា កាលពី​ខែ​មុន​ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​នូវ​អ្វីដែល​ខ្លួន​បាន​ហៅថា ជា​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដ៏​ទំនើប​បំផុត​មួយ​ដោយ​ជោគជ័យ​ដោយ​គ្មាន​ឈឺក្បាល​ជាមួយ​ទណ្ឌកម្ម និង​ការ​ថ្កោលទោស​ពី​សំណាក់​ប្រទេស​ផ្សេងទៀត​នៅក្នុង​ពិភពលោក​បន្តិច​សោះឡើយ​៕