អ្នកជំនាញ​កម្ពុជា និង​បរទេស​​បន្ត​ចុះទៅ​ពិនិត្យមើល​គ្រាប់បែក​គីមី​នៅ​ស្រុក​អូររាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2017 ក+ ក-

ខេត្តមណ្ឌលគិរី ៖ នៅ​ថ្ងៃទី​១៣ ខែធ្នូ​នេះ អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ទប់​ស្កាត​អាវុធ​គីមី នៃ​ក្រសួងការពារជាតិ​បាន​បន្ត​ដឹកនាំ​ក្រុមបច្ចេកទេស​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី នៃ​អង្គការសហប្រជាជាតិ (Organization for the Prohibition of Chemical Weapons – OPCW) ចុះមក​ពិនិត្យ​គ្រាប់បែក​គីមី​ដែល​អាមេរិក​ទម្លាក់​មិន​ផ្ទុះ​នៅលើ​ទឹកដី​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ដែល​បាន​រកឃើញ​ចំនួន​១០​ធុង ថ្មី​ទៀត​កាលពីពេល​កន្លងទៅ ខណៈដែល​ការចុះ​ត្រួតពិនិត្យ​នេះ​បានចាប់ផ្តើម​ធ្វើឡើង​តាំងពី​រសៀល ម្សិលមិញ​។​
​បើតាម​ឧត្ដមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ទប់​ស្កាត​អាវុធ​គីមី នៃ​ក្រសួងការពារជាតិ បាន​មានប្រសាសន៍ថា តាំងពី​ឆ្នាំ​២០១៥ គ្រាប់បែក​គីមី​របស់​អាមេរិក​ត្រូវបាន​រកឃើញ​នៅ​គោលដៅ​៨​ចំណុច ហើយ​គ្រាប់បែក​ទាំងនេះ​ធ្លាប់មាន​អ្នកជំនាញ​ជនជាតិ​អាមេរិក​មក​ពិនិត្យ​ម្ដង​រួចមកហើយ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​អង្គការ OPCW គឺ​គេ​ចង់​មក​ពិនិត្យ​ម្ដងទៀត ឲ្យ​កាន់តែ​ជាក់ច្បាស់​។
​ទោះជា​យ៉ាងណា​លោក​មិនទាន់​អាច​សន្និដ្ឋានថា សំណល់​គ្រាប់បែក​គីមី​ទាំងនេះ ជា​ប្រភេទ​គីមី​អ្វី​នោះដែរ លុះត្រាតែ​ការពិនិត្យ និង​ពិសោធន៍​របស់​អ្នកជំនាញ OPCW ចប់សព្វគ្រប់ ទើប​អាច​ជជែក និង​ផ្ទៀងផ្ទាត់​ព័ត៌មាន​រួមគ្នា​ថា គ្រាប់បែក​គីមី​ទាំងនេះ ជា​គ្រាប់បែក​គីមី​អ្វី​ឲ្យ​ប្រាកដ​នោះ​។​
​សូមបញ្ជាក់ថា ប្រភេទ​គ្រាប់បែក​គីមី​ទាំងនេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នៅ​មូលដ្ឋាន​អះអាងថា សុទ្ធតែជា​គ្រាប់បែក​ដែល​ទម្លាក់​មិន​ផ្ទុះ ដូច្នេះ​គឺ​វា​នៅមាន​ផ្ទុក​សារធាតុ​គីមី និង​សាយភាយ​ជុំវិញ​បរិវេណ​គ្រាប់បែក​ទាំងនោះ ហើយ ស្ថានភាព​គ្រាប់បែក​ទាំងនោះ គឺមាន​រាង​ដូច​ធុងសាំង ព្រមទាំង​មាន​សភាព​ពុកផុយ អាច​មើលឃើញ​ប្រភេទ​ផ្សៅ​គីមី​ដែល ផ្ទុក​ក្នុង​គ្រាប់បែក​នោះ​តែម្ដង ហើយ​ឥទ្ធិពល​គីមី​គ្រាប់បែក​ទាំងនេះ គឺ​គ្រាន់តែ​នៅក្បែរ​វា​ក៏​អាចធ្វើ​ឲ្យ យើង​រមាស់​លើ​ស្បែក ប៉ះពាល់​ដល់​ផ្លូវដង្ហើម​ផងដែរ ៕