វាយប្រហារ​តាម​អាកាស​នៅក្នុង​ប្រទេស​យ៉េ​មែន​សម្លាប់​មនុស្ស​៣០​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2017

យ៉េ​មែន ៖ សារព័ត៌មាន BBC ចេញផ្សាយ​ថា មនុស្ស​យ៉ាងហោចណាស់​៣០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​ការវាយប្រហារ​ផ្លូវអាកាស​របស់​ក្រុមចំរុះ​អារ៉ាប់​ដឹកនាំ​ដោយ អា​រ៉ា​ប៊ី​សា​អូឌីត​លើ​ពន្ធនាគារ​មួយកន្លែង​នៃ​ក្រុម​ឧទ្ទាម​ហ៊ូ​ទី ក្នុង​រដ្ឋធានី​សា​ណា​អា ប្រទេស​យ៉េ​មែន​។
​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​តំបន់ អ្នកស្លាប់​ភាគច្រើន​ជា​អ្នកជាប់ឃុំឃាំង នៅឯ​ពន្ធនាគារ​មួយ​ក្នុង​មូលដ្ឋាន​យោធា​របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​។ ចំណែកឯ​ឆ្មាំ​ពន្ធនាគារ​ម្នាក់​ក៏បាន​ឱ្យដឹង​ដែរ​ថា ការវាយប្រហារ​លើកដំបូង​បាន​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​ពន្ធនាគារ ដោយ​ជំរុញ​ឱ្យ​អ្នកទោស​មួយចំនួន​ព្យាយាម​រត់គេចខ្លួន ខណៈ​ការវាយប្រហារ​មួយ​ផ្សេងទៀត​បាន​បំផ្លាញ​អគារ​មួយ​ស្ទើរតែ​ទាំងស្រុង​។​
​សូមបញ្ជាក់ថា បើតាម​អង្គការសហប្រជាជាតិ មនុស្ស​ច្រើនជាង​៨,៦៧០​នាក់ ត្រូវបាន​សម្លាប់ និង​៤៩,៩៦០​នាក់ បាន​រងរបួស​គិត​ចាប់តាំងពី​ក្រុមចំរុះ​អារ៉ាប់​ធ្វើ​អន្តរាគមន៍ យោធា​ក្នុងប្រទេស​យ៉េ​មែន កាលពី​ឆ្នាំ​២០១៥​មក ហើយ​មនុស្ស​២០.៧​លាន​នាក់ កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌​ជាបន្ទាន់​៕