ក្រុមបច្ចេកទេសអាវុធគីមីរបស់ UN បន្ត ចុះខេត្តស្វាយរៀងដែលជាខេត្តចុង ក្រោយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 December, 2017 ក+ ក-

​ស្វាយរៀង ៖ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរអាវុធគីមី ក្រសួងការពារជាតិ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នេះថា ក្រុមបច្ចេកទេសអង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ នឹងបន្តចុះពិនិត្យទីតាំង និងវាយតម្លៃសារធាតុគីមី ក្នុងគ្រាប់បែកគីមីដែលទម្លាក់ដោយសហរដ្ឋអាមេរិក នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាខេត្តចុងក្រោយ ក្នុងគោលដៅនៃប្រតិបត្តិការនេះ ដើម្បីបន្តប្រតិបត្តិការពិនិត្យ និងពិសោធន៍វាយតម្លៃ គ្រាប់បែកគីមីទាំងនោះ»តបតាមការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា ក្រុមបច្ចេកទេសរបស់អង្គការ OPCW មានចំនួន៤នាក់ បានមកដល់កម្ពុជា នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ បំពាក់ដោយម៉ាស៊ីនធ្វើតេស្តពិសោធន៍ ដែលដឹកមកពីប្រទេសហូឡង់ បានចុះប្រតិបត្តិការរួចរាល់ហើយ នៅខេត្តដែលរកឃើញគ្រាប់បែកគីមី ទម្លាក់ដោយអាមេរិក គឺនៅខេត្តមណ្ឌលគិរី ចំនួន ១០ទីតាំង និងខេត្តត្បូងឃ្មុំ ចំនួន២ទីតាំង ចំណែកនៅខេត្តស្វាយរៀង ដែលជាខេត្តចុងក្រោយនៃប្រតិបត្តិការនេះ នឹងត្រូវបន្តចុះនៅថ្ងៃទី១៥ ខែធ្នូ នេះ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការ នៅខេត្តស្វាយរៀង ដែលជាខេត្តប្រតិបត្តិការចុងក្រោយ ក្រុមបច្ចេកទេសរបស់អង្គការ OPCW នឹងត្រឡប់មកភ្នំពេញវិញ ដើម្បីសរុបការវាយតម្លៃបញ្ចប់ អំពីលទ្ធផលធ្វើពិសោធន៍ លើគ្រាប់បែកគីមី របស់អាមេរិក នៅខេត្តទាំង៣ខាងលើនេះ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ស៊ីម៉ាក់ បានបង្ហាញថា យន្តហោះកងទ័ពអាមេរិកបានទំលាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះសង្គ្រាមច្រើនឥតគណនា បានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។ តាមទិន្នន័យមិនទាន់ពេញលេញ គឺមានចំនួន១១៥,២៧៥ទីតាំង មានការហោះហើរទំលាក់ចំនួន ២៣ម៉ឺន ៥៤៤លើក មានចំនួនជាង ២លាន ៥៩ម៉ឺនគ្រាប់ មានទំងន់ជាង ២លាន៨ សែនតោន (២,៨០៣,៨៦៨,១៥២គីឡូក្រាម) ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោមចំនួនជាង ២៧លាន ៩សែនគ្រាប់។ ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា គ្រាប់បែកដែលជាអាវុធគីមី ប្រភេទពណ៌ទឹកក្រូច និងប្រភេទអាវុធគីមី មួយចំនួនទៀត មិនសិ្ថតក្នុងទិន្នន័យរបស់ស៊ីម៉ាក់ នេះទេ៕