ប្រទេស​សមាជិក​សហភាព​អឺរ៉ុប អះអាងថា ខ្លួន​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 December, 2017 ក+ ក-

​ភ្នំពេញ ​៖​ សាធារណរដ្ឋ​ឆែក​ដែលជា​សមាជិក​របស់​ស​ហ​ភាព​អឺរ៉ុប​បានប្រកាស​រឹតចំណង​មិត្តភាព​ជាមួយ​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំងក្លា និង​មិន​លូកដៃ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា លើ​រឿង រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ការសម្រេច​រប​ស់​តុលាការ​កំពូល​នោះឡើយ​។​
​ការអះអាង​បែបនេះ បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម អ៊ុច បូរ​រិ​ទ្ធ រដ្ឋលេខា ធិ​ការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​គណៈប្រតិភូ នៃ​គណៈកម្មាធិការ សុខភាព និង​គោលនយោបាយ​សង្គម នៃ​ព្រឹទ្ធសភា​សាធារណរដ្ឋ​ឆែក ដឹកនាំ​ដោយ​ឯកឧត្តម Ivo Barek​អនុប្រធាន​ព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​ឆែក​នៅ​ទីស្តីការ​ក្រសួងការបរទេស​កម្ពុជា នា​ព្រឹក​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ​២០១៧​នេះ​។​
​ថ្លែងប្រាប់​ក្រុម​អ្នកព័ត៌មាន​ក្រោយ​ជំនួប​ឯកឧត្តម អ៊ុច បូរិទ្ធ បាន​បញ្ជាក់ថា ក្នុងជំនួប​នេះ គណៈប្រតិភូ​ព្រឹទ្ធសភា​ឆែក និង​រូបលោក បាន​ពិភាក្សា​ក្រោយ​បរិយាកាស ដ៏​ស្និទ្ធស្នាល​បំផុត ពាក់ ព័ន្ធ​នឹង​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា និង​សាធារណរដ្ឋ​ឆែក ដែល​ផ្តួចផ្តើម​បង្កើតឡើង​ដោយ សម្តេច ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ជាមួយ​ថ្នាក់ដឹកនាំ​សាធារណរដ្ឋ​ឆែក​។​
​ក្នុងជំនួប​នោះ​ឯកឧត្តម​អ៊ុច​បូរិទ្ធ​ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ឆែក​ដែល​បានផ្តល់​ជំនួយ​សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា តាំងពី​កម្ពុជា​រំដោះខ្លួន​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត មកដល់​ពេលបច្ចុប្បន្ន​។ ឯកឧត្តម អ៊ុច បូរិទ្ធ និង​គណៈប្រតិភូ​ព្រឹទ្ធសភា​ឆែក ក៏បាន​ពិភាក្សា​ទៅលើ ការផ្តល់​ជំនួយ​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​ឆ្នាំ​២០១៨-២០២០ ទៅលើ​វិស័យ​សិក្សាធិការ សុខាភិបាល និង​កសិកម្ម​ជាដើម​។
​បើតាម​ឯកឧត្តម អ៊ុច បូរិទ្ធ គម្រោង​នេះ នឹងត្រូវ​ចុះហត្ថលេខា​រវាង​មន្ត្រី ផ្នែក​អភិវឌ្ឍន៍​របស់ កម្ពុជា និង​សាធារណរដ្ឋ​ឆែក​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ក្រៅពី​ការពិភាក្សា​ទៅ​ការ​រឹតចំណង មិត្តភាព និង​កិច្ចអភិវឌ្ឍន៍​ហើយ ឯកឧត្តម អ៊ុច បូ​រិ​ទ្ធិ ក៏បាន​ឆ្លៀត​រៀបរាប់​ពី​ស្ថានការណ៍ នយោបាយ នៅ​កម្ពុជា ជាពិសេស​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ជូនទៅ​គណៈប្រតិភូ​ព្រឹទ្ធសភា​របស់​ឆែក ដែលជា​ប្រទេស​សមាជិក​របស់​សហភាព​អឺរ៉ុប​ផងដែរ​។
​ឯកឧត្តម អ៊ុច បូរិទ្ធ បាន​គូសបញ្ជាក់ថា ក្រោយពី​បាន​ស្តាប់​អំពី​ស្ថានការណ៍​នយោបាយ នៅ កម្ពុជា ហើយ​នោះ​គណៈប្រតិភូ​របស់​ឆែក បាន​ឆ្លើយតប​ថា​ឆែក​មាន​គោល នយោបាយ​ច្បាស់លាស់ ដោយ​មិន​ជ្រៀតជ្រែក​គោលនយោបាយ​របស់​ប្រទេស​ដទៃ​នោះទេ ហើយ​គោរព​ការសម្រេចចិត្ត របស់​កម្ពុជា​។​
​សូមបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​របស់​ក​ម្ពុ​ជា កាត់​រំលាយ ចោល នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្រោម​បទ​ចោទថា​បាន​ប្រព្រឹត្ត​ទង្វើ​ក្បត់ជាតិ ដោយ​ឃុ​ប ឃិត ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ ក្រៅពី​ការរំលាយ​គណបក្ស នយោបាយ​មួយ​នេះហើយ តុលាការ​កំពូល ក៏បាន​ហាមឃាត់​ថ្នាក់ដឹកនាំ​គណបក្ស​មួយ​នេះ ១១៨ រូប​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​ផងដែរ​។​
​ប្រតិកម្ម​តប​ការរំលាយ​នេះ សភា​អាមេរិក និង​សភា​សហភាព​អឺរ៉ុប​ផងដែរ បាន​ព្រមាន​ក្នុងការ ដាក់ទណ្ឌកម្ម​ដល់​កម្ពុ​ជា​។ ឯកឧត្តម អ៊ុច បូរិទ្ធ បាន​អះអាងថា ការសម្រេច​របស់​សភា​អឺរ៉ុប មិនមែន ចេះតែ​អាចធ្វើ​ទៅបាន​នោះទេ ព្រោះ​ការអនុម័ត​ទាំងឡាយ​ស្ថិតនៅលើ​គណៈកម្មការ​អឺរ៉ុប​។​
​បើតាម​ឯកឧត្តម អ៊ុច បូរិទ្ធ សភា​សហភាព​អឺរ៉ុប ធ្លាប់បាន​ប្រតិកម្ម​ច្រើនលើកច្រើនសារ​មក ហើយ តាម​ការអំពាវនាវរ​ប​ស់លោក សម រង្ស៊ី និង​បក្ខពួក តែ​ទីបំផុត​សហភាព​អឺរ៉ុប មិនដែល​បាន អនុម័ត តាម​នោះឡើយ​។​
​ក្នុងជំនួប​នោះ​ឯកឧត្តម អ៊ុច បូរិទ្ធ ក៏បាន​វាយប្រហារ​ទៅ​លោក សម រង្ស៊ី ផងដែរ​ថា ជា​បុគ្គល ដែល​តែងតែ​ប្រឆាំង​ប្រយោជន៍​ជាតិ និង​បំផ្លាញ​ប្រទេសជាតិ​៕