ពលករ​ខ្មែរ​នៅ​បរទេស​ជាង​១​លាន​នាក់ ផ្ញើ​លុយ​ឲ្យ​គ្រួសារ​ប្រមាណ ៣.៨០០​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 December, 2017 ក+ ក-

​​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បាន​អះអាងថា ក្នុង​មួយឆ្នាំៗ​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅក្រៅ​ប្រទេស​ចំនួន​១​លាន​២​សែន​នាក់ ពួកគេ បាន ផ្ញើរ​ប្រាក់​ដែល​ធ្វើការ​បាន មក​ឲ្យ​ក្រុមគ្រួសារ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​ប្រមាណ​ជា ៣.៨០០ លាន​ដុល្លារ អាមេរិក​។​
​ក្នុងឱកាស​អញ្ជើញ​ចូលរួម​ខួប​១០​ឆ្នាំ របស់​សមាគម​ជ្រើសរើស​ពលករ​កម្ពុជា អាក្រា កាលពី ល្ងាច​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៧ នៅ​ភោជនីយដ្ឋាន តា​វ៉ាន់​ដេ​ង ក្នុង​រាជធានី​ភ្នំពេញ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង បាន​មានប្រសាសន៍ថា សរុប​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅក្រៅ​ប្រទេស រហូតមក ដល់ពេលនេះ មាន​ចំនួន ១​លាន​២​សែន​នាក់ ក្នុង​ចំនួន​ពលករ​ទាំងអស់​នេះ បានផ្ដល់​នូវ​អំណោយ ផល​ច្រើន​មកដល់​សង្គមជាតិ ទោះបី​ទៅដោយ​ស្របច្បាប់ ឬ​មិន​ស្របច្បាប់ តែ​អាច​ពួកគេ​រក​ការ ងារ​បានធ្វើ​នៅឯ​ក្រៅប្រទេស និង​បាន​ផ្ញើរ​ប្រា​ក់មក​ក្រុមគ្រួសារ​ជា​រៀងរាល់ឆ្នាំ​។​
​ ​ឯកឧត្តម​បណ្ឌិត​បាន​លើកឡើងថា “​ពេល​ខ្ញុំ​ផ្ទាល់​បាន​ទៅ​ជួប​សំណេះសំណាល ជាមួយ បង ប្អូន​នៅតាម​រោងចក្រ​មួយចំនួន ខ្ញុំ​បាន​សួរ​មើលទៅ​ថា​ក្នុងចំណោម​ទាំងអស់គ្នា អ្នកណាខ្លះ​ផ្ញើ​ប្រាក់ មក​ផ្ទះ​វិញ​មួយខែ​២០០​ដុល្លារ ឲ្យ​លើកដៃ​មើលទៅ​សឹងតែ​មួយរយ​ភាគរយ ដោយ​យ៉ាងតិចណាស់ ក៏​១៥០​ដុល្លារ​ដែរ​”​។​
​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បន្ថែមថា បើ​សរុប​ពលករ​ខ្មែរ​កំពុងធ្វើការ​នៅ​ថៃ​១​លាន​នាក់ ដោយ ក្នុង ម្នាក់​ផ្ញើមក​១៥០​ដុល្លារ ក្នុង​មួយខែៗ បូកសរុប​ទាំងអស់​ក្នុង​មួយឆ្នាំៗ មាន​ចំនួន​១៨០០ លាន ដុល្លារ ហើយ​សម្រាប់​ពលករ​ដែ​ល​បម្រើ​ការងារ​នៅ​កូរ៉េ ជប៉ុន ម៉ា​ឡេ យ៉ាងតិចណាស់​ក៏​២​ពាន់​លាន ដុល្លារ​ទៀត​ដែរ ។​
​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង បានលើកឡើង​ទៀតថា សម្រាប់​ពលករ​ដែល​បាន​ទៅ ធ្វើការ នៅក្រៅ​ប្រទេស ទី​ភ្នា​ក់​ជ្រើសរើស​ពលករ​ទាំងអស់ គឺមាន​ភារកិច្ច​មួយ​ត្រូវ​ប្រើ សម្តី​ឲ្យ​ឯកភាពគ្នា បានន័យថា ត្រូវតែ​គោរព​នូវ​ពលករ​ដែល​ធ្វើការ​នៅក្រៅ​ប្រទេស ដោយ​ពួកគាត់​មិនមែន​ទៅ ធ្វើជា ខ្ញុំគេ ទៅធ្វើ ជា​កញ្ជះ​គេ​ដាច់​ថ្លៃ ដូច​ពួក​ប្រឆាំង​និយាយ​នោះទេ ដោយ​គ្រប់​សមាគម​ភ្នា​ក់​ទាំងអស់ ត្រូវ​ចេះ​លើកទឹកចិត្ត​ដល់​ពលករ ទៅ​បម្រើ​ការងារ​ដោយ​សមត្ថភាព​និង​មាន​ជំនាញ​ច្បាស់លាស់​។​
​សូមបញ្ជាក់ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​៨៥ បាន​នាំ​ពលករ​ខ្មែរ​ទៅធ្វើ​នៅ​ប្រទេស​រួមមាន​៖ ប្រទេស​ថៃ ជប៉ុន ម៉ាឡេស៊ី ហុងកុង សិង្ហ​បុរី​និង​ប្រទេស​តំបន់​អារ៉ាប់​មួយចំនួនទៀត​។ ដោយឡែក​ពលករ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េខាងត្បូង មិនមែន​ទៅតាម​រយៈ​ក្រុមហ៊ុន​នោះទេ គឺ​កើតឡើង​ដោយមាន​កិច្ចព្រមព្រៀង​រវាង​ក្រសួង​ការងារ​កម្ពុជា​និង​កូរ៉េ​។​
​លោកស្រី អ៊ឹង សៀ​ឫទ្ធី ប្រធាន​សមាគម​ជ្រើសរើស​ពលករ​កម្ពុជា អាក្រា បាន​លើកឡើងថា ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​៨៥ ដែល​នាំ​ពលករ​ទៅ​ក្រៅប្រទេស​នេះ គឺមាន​ចំនួន​៤៧​ក្រុមហ៊ុន ជា សមាជិក​របស់​សមាគម​អាក្រា​៕