តម្រួត​ថៃ ចាប់​ពលករ​ខ្មែរ​ប្រុស​ស្រី​៥​នាក់ ដែល​លូន​ឆ្លងកាត់​របង​ព្រំដែន​តាម​រន្ធ​ក្រោម​ដី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 December, 2017 ក+ ក-

​ប៉ោយប៉ែត ៖ សមត្ថកិច្ច​ថៃ ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន​៥​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់​ផងដែរ កាលពី​ថ្ងៃទី​15 ខែធ្នូ​ឆ្នាំ​២០១៧ នេះ ខណៈដែល​ពួកគេ​ទាំង​៥​នាក់ កំពុង​លូន​ចេញពី​រន្ធ​ក្រោម​ដី មួយកន្លែង ដើម្បី​ឆ្លងដែន​ដោយ​ខុសច្បាប់ តាមរយៈ​មេខ្ស​ល់​។ ករណី​ឃាត់ខ្លួន​នេះ ធ្វើឡើង​ដោយ កំលាំង​អន្តោប្រវេសន៍ និង​កំលាំង​តម្រួត​ថៃ ប្រចាំ​តំបន់ ខ្លង​លឹក ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ដោយ បាន​ចុះទៅ​កាន់​ចំណុច​របង​ថ្ម​មួយកន្លែង ដែល​បាន​សាងសង់ឡើង​ជាប់​នឹង​មាត់​អូរ​ព្រំដែន​កម្ពុជា ថៃ នៅ​ទិស​ខាងត្បូង​នៃ​ទីលាន​ផ្ញើ​រថយន្ត​របស់​ក្រុមហ៊ុន ហ្គោល​ដិ​ន​កេ​ត ស្ថិតក្នុង​ឃុំ​អារញ្ញ ស្រុក អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ។
​នៅ​ទីនោះ​មាន​រន្ធ​មួយ​ដែលមាន​ទំហំ ០,៥០​ម៉ែត្រ ដែល​ក្រុម​ជនខិលខូច​បាន​ជីក​រូង ក្រោម​ដី សម្រាប់​លូន​ឆ្លង​ចេញ ចូល ពី ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ថៃ តាម​ក្រោម​របង​ថ្ម​នៃ​ខ្សែបន្ទាត់ ព្រំដែន​។ ដោយ​ឃើញបែបនេះ កំលាំង​ថៃ ក៏បាន​អង្គុយចាំ​ឃ្លាំមើល​មួយសន្ទុះ ក៏បាន​ឃើញ ពលករ ខ្មែរ​ចំនួន​៥​នាក់ បាន​លូន​ចេញពី​រន្ធ​បន្តបន្ទាប់ ទើប​កំលាំង​តម្រួត​ថៃ ឃាត់ខ្លួន​ដោយបាន​ចាប់ ទាញ ចេញពី​រន្ធ ព្រមទាំង​បាន​សាកសួរ​បឋម គឺ​ពលករ​ខ្មែរ​ទាំង​នោះបាន​សារភាពថា រូង ក្រោម​ដី​នេះ គឺជា​ស្នាដៃ​របស់​ក្រុម​មេខ្យល់ សម្រាប់​អោយ​ពលករ​ខ្មែរ​លូន​ឆ្លង​ចូល ទៅធ្វើ​ការ​ដោយ​ខុសច្បាប់ នៅក្នុង​ប្រទេស​ថៃ ដោយ​បង់​អោយ​ពួកគេ​ក្នុង​ម្នាក់​៧០០​បាត ។​
​ក្រោយពេល​ឃាត់ខ្លួន​ភ្លាមៗ ក្រុម​តម្រួត​ថៃ​បាន​នាំខ្លួន​ជន​ទាំង​៥​នាក់ នោះ​ទៅកាន់​ស្នងការ ដ្ឋា​ន​ខេត្ត​ស្រះ​កែវជា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​សាកសួរ​បន្ត រកមុខ​សញ្ញា​មេក្លោង​ធំ ដែល​នៅ​ពី ក្រោយខ្នង ក្នុង​រឿងនេះ​។​
​សូមបញ្ជាក់ថា នេះ​មិនមែនជា​ករណី​ទិ​១​ទេ គឺ​ធ្លាប់​កើត​ឡើងជា​ញឹកញាប់ ហើយ​កាលពី រសៀល​ថ្ងៃទី​១៦ ខែធ្នូ ម្សិលមិញ​នេះ ពលករ​ខ្មែរ​ទាំ​អស់នោះ ត្រូវបាន​សមត្ថកិច្ច​ថៃ សាកសួរ​រួច រាល់ និង​បាន​បញ្ជូនមក​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អន្តជាតិ ប៉ោយប៉ែត វិញ​រួចហើយ​៕