ពាណិជ្ជករ​ថៃ​បោះទុន ១៤​លាន​ដុល្លារ បង្កើត​ផ្សារ​ម៉ាក្រូ​នៅ​ភ្នំពេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 December, 2017 ក+ ក-

​ភ្នំពេញ ៖ ផ្សារ​ទំនើប​ឈ្មោះថា​ម៉ាក្រូ​បាន​បដិសន្ធិ​ឡើង​នៅលើ​ផ្ទៃដី​ទំហំ​១​ម៉ឺន​ម៉ែត្រក្រឡា ស្ថិតក្នុង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយបាន​ចំណាយ​ក្នុងការ​សាងសង់​ក្នុង​ទំហំ​ទឹកប្រាក់ ប្រមាណ ១៤​លាន​ដុល្លារ​អាមេរិក ជាការ​វិនិយោគ​ដោយផ្ទាល់​របស់​ពាណិជ្ជករ​ថៃ​។ បន្ថែម​ពី លើ​នេះ​ផ្សារ​ទំនើប​មួយ​នេះ​នឹង​ពង្រីក​សាខា​របស់ខ្លួន​ពី​៩ ទៅ​១០​កន្លែង​ក្នុងប្រទេស​កម្ពុជា នា រយៈពេល ៣​ឆ្នាំ​ខាងមុខ ដោយ​គ្រោង​ចំណាយ​ទុន​សរុប​ប្រមាណ ១០០​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី ស៊ុ​ឆា​ដា អុ​ី​ធី​ចា​រូ​គូ​ល អគ្គនាយិកា ក្រុមហ៊ុន សា​យ៉ា​ម ម៉ាក្រូ ចំកាត់​មហាជន ក្នុង​សន្និសីទ​សារ​ព័​ត៍​មាន​ស្តីពី​ការបើក​សម្ពោធ ផ្សារ​ម៉ាក្រូ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ​។​
បើតាម​លោកស្រី ស៊ុ​ឆា​ដា អុ​ី​ធី​ចា​រូ​គូ​ល ថា ម៉ាក្រូ​គឺជា​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល បោះ​ដុំ​ទី​១​នៅ​កម្ពុជា​សម្រាប់​អាជីវករ​លក់រាយ សណ្ឋាគារ ភោជនីយដ្ឋាន និង​សេវាកម្ម​ម្ហូប​អា ហារ​ជាដើម​។ លោកស្រី​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ផ្ទាល់ខ្លួន​ថា ម៉ាក្រូ​នៅក្នុង​ប្រទេស​កម្ពុជា នឹង​ទទួលបាន​ជោគជ័យ និង​អាច​ពង្រីក​ខ្លួន​ទៅកាន់​បណ្តា​ខេត្ត​/​ក្រុង​បន្ថែមទៀត​ក្នុងពេល​អនាគត ស្រប​ពេលដែល​សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​ហក់​ឡើង​ខ្ពស់​គួរកត់សម្គាល់ ជីវភាព ប្រជាជន​កាន់តែ​ប្រសើរឡើង កម្ពុជា​កំពុង​ក្លាយជា​តារា​កំពុង​រះ ដែល​កត្តា​ទាំងនេះ​នឹងធ្វើ​ឲ្យ អ្វីៗ​អាច​ប្រព្រឹត្តទៅបាន​ល្អប្រសើរ​រួមទាំង​ផ្សារ​ម៉ាក្រូ​របស់លោក​ស្រី​ផងដែរ​។​
អគ្គនាយិកា​ក្រុមហ៊ុន សា​យ៉ា​ម ម៉ាក្រូ ចំកាត់​មហាជន​រូបនេះ​បាន​សង្កត់ធ្ងន់ថា វត្តមាន របស់​ម៉ាក្រូ​ក្នុងប្រទេស​កម្ពុជា​មិន​ដើម្បី​តែ​កើប​ផលចំណេញ​ម្នាក់ឯង​នោះទេ​។ ក្រុមហ៊ុន​ក៏​នឹង ជួយ​ឲ្យ​ពលរដ្ឋ​កម្ពុជា​មានបាន​ផងដែរ តាមរយៈ​ការផ្តល់ជូន​នូវ​ទំនិញ​ទាំង​ក្នុងប្រទេស និង​ទំនិញ​នាំចូល​សុទ្ធ​ល្អ មានគុណ​ភាព និង​សុវត្ថិភាព​ប្រើប្រាស់​ស្របតាម​ស្តង់ដា​ឲ្យ​អាជីវករ យកទៅលក់​បន្ត ដោយ​ខាង​ក្រុមហ៊ុន​លក់​ជូន​ក្នុងតម្លៃ​សមស្រប​ដែល​អ្នក​យកទៅលក់​បន្ត​អាច​បាន​ចំណេញ​យ៉ាង​សមរម្យ​។ លោកស្រី​ថា មិនតែប៉ុណ្ណោះ​ខាង​ក្រុមហ៊ុន​នឹងមាន​ការបណ្តុះបណ្តាល​ដ​ល់​បុគ្គលិក​ខ្មែរ​ដែល​កំពុង​បំរើ​ការងារ​នៅក្នុង​ផ្សារ​ម៉ាក្រូ​នេះ​ទាំង ២៥០​នាក់​ឲ្យ​មាន​ជំនាញ​ទៅតាម​ផ្នែក​នីមួយៗ រួមទាំង​ការជួយ​បណ្តុះបណ្តាល​ដល់​ពលរដ្ឋ​ខ្មែរ​ណា​ដែល​ចង់​ក្លាយជា​អ្នកលក់​ចាប់ហួយ​នៅតាម​ផ្ទះ​ដោយ​ជោគជ័យ ហើយ​ក្រៅពី​ការបណ្តុះបណ្តាល​នេះ ខាង​ក្រុមហ៊ុន​ក៏​នឹង​ជួយ​រៀបចំ​កន្លែង​លក់ដូរ​ជូន​ពួកគាត់​ផងដែរ​មានដូចជា​ការដាក់​តាំង​មុខទំនិញ​ឲ្យ​បាន​ត្រឺ​ម​ត្រូវ មាន​សណ្តាប់ធ្នាប់ និង​ប្រកបដោយ​ភាព​ទាក់ទាញ ស្របតាម​ទិស​ស្លោ​កថា ម៉ាក្រូ ជា​ដៃគូ​អាជីវកម្ម​របស់​អ្នក​។ ដូច្នេះ​សូម​អតិថិជន និង​អាជីវករ ទាំងអស់​អញ្ជើញ​ទៅ​ចុះឈ្មោះ​ជា​សមាជិក​របស់​ផ្សារ​ម៉ាក្រូ​ដើម្បី​ទទួលបាន​នូវ​ភាពងាយស្រួល ការផ្តល់ជូន​នូវ​តម្លៃ​ពិសេស រួម​និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​៕