ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មានកម្ពុជាឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងជំនួបពិភាក្សាជាមួយអនុរដ្ឋ មន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម នាព្រឹកថ្ងៃទី១៨ធ្នូនេះ បានស្នើដល់ភាគីវៀតណាមឱ្យជួយបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសកម្ពុជាលើផ្នែកវិទ្យុ និងទូរទស្សន៍សម្រាប់ ជំនួសមន្ដ្រីចាស់ៗដែលត្រូវចូលនិវត្ដន៍។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានមានប្រសាសន៍ថា ក្រសួងសូមស្នើឱ្យភាគីវៀតណាមពិនិត្យលទ្ធភាពក្នុងការជួយបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស និងព័ត៌មានលើផ្នែកវិទ្យុ និងទូរទស្សន៍ ដោយយកទៅសិក្សារៀនសូត្រនៅប្រទេសវៀតណាមដើម្បីពង្រឹង សមត្ថភាព ចំណេះដឹង និងការទទួលបាននូវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត។ ឯកឧត្តមបាន បញ្ជាក់ថា បច្ចុប្បន្ននេះមន្ដ្រីជំនាញបច្ចេកទេសផ្នែកវិទ្យុ ទូរទស្សន៍ និងកាសែតមួយចំនួន ដែលធ្លាប់បានទៅសិក្សានៅប្រទេសវៀតណាមបានចូលនិវត្ដន៍ និងមួយចំនួនទៀតត្រូវជិតដល់អាយុចូលនិវត្ដន៍ជាបន្ដបន្ទាប់ ដែលធ្វើឱ្យមន្ដ្រីជំនាញខាងផ្នែកនេះមានការខ្វះខាតច្រើន។
ឯកឧត្តមរដ្ឋមន្ដ្រីបានលើកឡើងថា រហូតមកដល់ពេលនេះរដ្ឋាភិបាលវៀតណាមបានផ្ដល់សម្ភារៈ ឧបករណ៍ និងម៉ាស៊ីនផ្សាយដល់វិទ្យុជាតិ រហូតដល់១៧ខេត្ដ និងបាន ជួយតម្លើងស្ថានីយ៍ទូរទស្សន៍ចំនួន ៥ខេត្ដផងដែរសម្រាប់ពង្រីកការផ្សាយឱ្យបានកាន់តែ ទូលំទូលាយដល់ប្រជាពលរដ្ឋ ក្នុងការទទួលបាននូវព័ត៌មានពិត និងកម្មវិធីអប់រំ និងកម្សាន្ដ ជាច្រើនទៀត។
ជាការឆ្លើយតបឯកឧត្តម HOANG VINH BAO អនុរដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងទូរគមនា គមន៍វៀតណាមបានទទួលយកសំណើរបស់រដ្ឋមន្ដ្រីក្រសួងព័ត៌មានកម្ពុជា ដោយសន្យាថានឹងបន្ដជួយបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មាន ក៏ដូចជាមន្ដ្រីបច្ចេកទេសផ្នែកវិទ្យុ និងទូរទស្សន៍ និងបានស្នើឱ្យភាគីទាំងពីរជួបពិភាក្សាគ្នាបន្ថែមទៀតលើវិស័យព័ត៌មានថាតើកម្ពុជាទទួលបានអ្វីខ្លះ និងអ្វីដែលនៅសេសសល់ ក្នុងការស្នើឱ្យវៀតណាមបន្ដជួយបន្ថែមទៀត៕