រដ្ឋាភិបាល​ថៃ នឹង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ ឱ្យ​កាន់តែ​ធំ​ជាង​មុន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2017 ក+ ក-

​ភ្នំពេញ ៖ ស្ថាន​តំណាង​ពាណិជ្ជកម្ម ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ នៅ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ចេតនា​របស់​រាជរដ្ឋាភិបាល​ថៃ ជាពិសេស​ក្រសួងពាណិជ្ជកម្ម​ថៃ ដែល​តែងតែ​ខិតខំ​ពង្រីក​ទំនាក់ទំនង ផ្នែក​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ថៃ និង​កម្ពុជា ឱ្យ​កាន់​តែមាន​វិសាលភាព​ធំធេង​ជាង​បណ្តា​ឆ្នាំមុនៗ​ថែមទៀត​។​
​លោក ជីវ៉ា​វុ​ឍ សុ​វណ្ណា​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​កម្ពុជា បានលើកឡើង​នៅក្នុង​ពិធី​សម្ពោធ​ហាង​លក់​សម្ភារៈ​កីឡា Plus Nine by His and Her នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល កាលពី​រសៀល​ថ្ងៃទី​១៧ ខែធ្នូ​នេះ​ថា ដោយ​ផ្អែកលើ​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព​ពេញលេញ មាន​ស្ថិរភាព នយោបាយ ធានាបាន​នូវ​សន្តិសុខ​សាធារណៈ ហើយ​ជា​ប្រទេស​កំពុងមាន​ការអភិវឌ្ឍ​រីកចំរើន​គួរឱ្យកត់សម្គាល់ និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ រវាង ប្រទេស​ទាំង​២​ផង និង​ក្នុងនាម​ជា​អ្នកភូមិផង​របង​ជាប់​គ្នា ក៏ដូចជា​ការឧបត្ថម្ភ​គាំទ្រ​ដល់​អាជីវករ​ថៃ ឱ្យ​កាន់​តែមាន​ទីផ្សារ​បន្ថែម​នៅក្នុង​ប្រទេស​កម្ពុជា ក្រសួងពាណិជ្ជកម្ម​ថៃ បាន​ជម្រុញ​ដល់​អ្នកវិនិយោគ​របស់​ឱ្យ បន្ត​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​។​
​លោក​បន្តថា រាជរដ្ឋាភិបាល និង ក្រសួងពាណិជ្ជកម្ម​ថៃ បាន​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​គាំទ្រ​វិស័យ​ឯកជន​របស់​ប្រទេស​ទាំង​២ ដើម្បីឱ្យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​បន្ត​រីកចំរើន យូរអង្វែង​លើ​គ្រប់​វិស័យ​។​
​ចំណែក​លោក ថា​ណុង​ឆៃ ជុង​ពីយ​វ៉ា​រាំង ជា​អ្នក​វិនិយោគិន​បាន​អះអាងថា ខ្លួន​មិន​ញញើត​នឹង​ការបោះ​ទុនវិនិយោគ​នៅ​កម្ពុជា​នោះឡើយ ខណៈ​ប្រទេស​មាន​ការវិវត្ត​ជឿនលឿន ហើយ​ប្រជាជនមាន​ការពេញនិយម​លើ​ផលិតផល​បរទេស ដែលមាន​គុណភាព ។ ឆ្លើយតប​នឹង​តម្រូវការ​មួយ​នេះ ហាង​របស់លោក​ធានាថា មិនឱ្យ​អតិថិជន​អស់សង្ឃឹម​ឡើយ​។ ហើយ​លោក​នឹង​បន្ត​ពង្រីក​មុខ​របស់​របស់​ខ្លួន​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​នៅ​កម្ពុជា ព្រោះ​លោក​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ក្នុងការ​ប្រកបមុខរប​រ​នៅ​កម្ពុជា​។​
​លោក​ក៏បាន​អះអាងថា នឹង​បន្ត​ចាប់ដៃ​គូរ​ជាមួយ​អ្នកវិនិយោគ​ក្នុងស្រុក ដើម្បី​នាំនូវ​ផលិតផល​ដែលមាន​គុណភាព មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា ពិសេស​លើ​សម្ភារៈ​កីឡា និង​គ្រឿង​ប្រើប្រាស់​នានា ដែល​កំពុង​ពេញនិយម នៅលើ​សកលលោក​៕