ចំនួន​ទេសចរ​កើនឡើង កម្ពុជា​នឹង​សម្រេចការ​អភិវឌ្ឍ​ដោយ​និរន្តរភាព​របស់​ពិភពលោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2017 ក+ ក-

​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ទេសចរណ៍​ពិភពលោក (WTTC)​បានឱ្យដឹងថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា បាន​បង្កើត​ការងារ​សរុប ដោយផ្ទាល់ និង​ប្រយោល​ចំនួន​ជាង​២,២​លាន​នាក់ ស្មើនឹង ២៦% នៃ​ការងារ​សរុប ក្នុងនោះ​ការងារ​ផ្ទាល់​មាន​ប្រមាណ​១.២​លាន​នាក់ ស្មើ ១២% នៃ​ការងារ​សរុប ហើយ​ការងារ​ផ្ទាល់​នៅក្នុង​វិស័យ​ទេសចរណ៍​មាន​ប្រមាណ​ជាង​៦២​ម៉ឺន​នាក់​។
​ដោយឡែក​ក្នុង​រយៈពេល​១០​ខែ ដើមឆ្នាំ ២០១៧ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៤,៣ លាន​នាក់ កើនឡើង ១០.៤% ធៀប​នឹង​រយៈ​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ ហើយ​នៅ​ឆ្នាំ​២០១៧ នឹង​កើនឡើង​ចំនួន ៥,៦ លាន​នាក់​។​
​ដោយ​ផ្អែកលើ​ស្ថានភាព​ដ៏​ប្រសើរ​នាពេល​បច្ចុប្បន្ន​និង​នៅ​អនាគត​នៅ​ឆ្នាំ​២០២០​កម្ពុជា នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ​៧​លាន​នាក់ ដែល​នឹង​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ​១​លាន​នាក់ និង​ចំណូល​ចូលជាតិ​ប្រមាណ​៥.០០០​លាន​ដុល្លារ​អាមេរិក ។
​តាម​សន្ទុះ​នៃ​ការ​ចម្រើន​ឥតឈប់ឈរ និង​គ្រប់​កាលៈទេសៈ វិស័យ​ទេសចរណ៍​មិន​ត្រឹមតែ​បានទទួល​ស្គាល់​ដោយ​អង្គការ​ពិភពលោក​នានា​ថា ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម សម្បត្តិ​វប្បធម៌ និង​ធម្មជាតិ ប៉ុណ្ណោះ​ទេ ថែមទាំង​ចូលរួម​សម្រេចការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​ពិភពលោក​ទៀតផង​។​
​ស្ថាប័ន​ទេសចរណ៍​ដ៏​ធំ​ខាងលើ​បានបង្ហាញ​ទៀតថា ក្នុង​បរិបទ​អាស៊ាន ឆ្នាំ​២០១៦ តំបន់​ទាំងមូល​បានទទួល​ទេសចរ​អន្តរជាតិ​ចំនួន​១១៦​លាន​នាក់ កើនឡើង ៦,៥% ក្នុងនោះ​ទេសចរ​ផ្ទៃក្នុង​អាស៊ាន មាន​ចំនួន​ជាង ៥៣,៣​លាន​នាក់​។ ទេសចរណ៍​អាស៊ាន​បាន​បង្កើត​ចំណូល​ជូន​ជាតិប្រមាណ​១២% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​ការងារ​សរុប​ប្រមាណ​៤៥​លាន​នាក់ ក្នុងនោះ​ការងារ​ផ្ទាល់​មាន​ប្រមាណ ១៣​លាន​នាក់​។ ជា​ចក្ខុវិស័យ​ឆ្នាំ ២០២០ អាស៊ាន​រំពឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ​១២៣​លាន​នាក់​។
​គួររំលឹកថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា មានការ​រីកចម្រើន​ខ្លាំងក្លា ខណៈដែល​ឆ្នាំ​១៩៩៨ កម្ពុជា​បានទទួល​ទេសចរ​អន្តរ​ជាតិប្រមាណ​តែ​២៩​ម៉ឺន​នាក់ និង​មាន​កំណើន​យ៉ាង​ឆាប់រហ័ស រហូតដល់​ជាង​៥​លាន​នាក់ នៅ​ឆ្នាំ ២០១៦ កើន​១៦២៤% លើ​រយៈពេល​១៨​ឆ្នាំ​។ នៅ​ឆ្នាំ ២០១៦ ជាមួយនឹង​កំណើន​៥% ទេសចរណ៍​កម្ពុជា​បាន​នាំ​ចំណូល​ចូល​សេដ្ឋកិច្ច​ប្រមាណ​៣.៤០០​លាន​ដុល្លារ​អាមេរិក ស្មើនឹង​១២% នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)៕