ភ្នំពេញ នឹងមាន​ខ្សែ​រត់​រថភ្លើង​អាកាស​ប្រវែង​ជិត ២០​គ​.​ម៉ រត់​លើ​មហាវិថី​៦​ខ្សែ នៅ​កណ្តាល និង​ជាយក្រុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2017 ក+ ក-

​ភ្នំពេញ ៖ រាជធានី​ភ្នំពេញ​នឹងមាន​ខ្សែ​រត់​រថភ្លើង​អាកាស AGT ប្រវែង​ជិត​២០​គីឡូម៉ែត្រ ដោយ​រត់ លើ មហាវិថី​៦​ខ្សែ​នៅ​កណ្តាល​និង​នៅ​ជាយក្រុង​នាពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ចូលរួម​ការកាត់បន្ថយ ការកកស្ទះ​ចរាចរណ៍ ការប្រែប្រួល​អាកាសធាតុ និង​ការវិវត្តន៍​នៃ​សង្គម​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នាពេល​អនាគត ។​
​ការបង្ហាញ​ពី​គម្រោង​ដ៏​ថ្មី​និង​មិន​ធ្លាប់មាន​នេះ​បាន​បង្ហាញឡើង​កាលពី​ទី​១៩ ខែធ្នូ ឆ្នាំ ២០១៧ នៅ​សាល​រាជធានី​ភ្នំពេញ ក្នុង​ប្រជុំពិភាក្សា​ការងារ​បច្ចេកទេស​ជាមួយ​ក្រុមការងារ​អង្គការ JICA ដឹកនាំ​ដោយ​លោក ស៊ូ​កា​ណូ យូ​ឈី (Sugano Yuichi) ប្រធាន​តំណាង​JICA និង លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ស្ដីពី​តម្រូវការ​ដឹកជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ ជុំវិញ​កា​ររ​រៀបចំ​រថភ្លើង​លើ​អាកាស AGT​។​
​បើតាម​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយដឹងថា គម្រោង​ខ្សែ​រត់​រថភ្លើង​អាកាស​នេះ មាន​ប្រវែង​១៨​គីឡូម៉ែត្រ ដោយ​រត់តាម​បណ្តោយ​មហាវិថី​ហ្សា​ល​ដឺ​ហ្គោល មហាវិថី​ព្រះ​មុនី​រ៉េត ផ្លូវ​លេខ ២១៧ ផ្លូវ វេ​ង​ស្រេង ឆ្ពោះ​មក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​១​ខ្សែ​ទៀត​បែកខ្នែង ទៅ​ផ្លូវជាតិ​លេខ​៤​និង​ផ្លូវ​កប់​ស្រូវ​។​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​រូបនេះ​នូវបាន​បញ្ជាក់ថា​ការរៀបចំ​អោយមាន​ខ្សែ​រថភ្លើង​លើ​អាកាស AGT នេះ ធ្វើឡើង​ដើម្បី​ចូលរួម​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ការប្រែប្រួល អាកាស ធាតុ និង​ការវិវត្តន៍​នៃ​សង្គម​សេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា​នាពេល​អនាគត​។ សេវា​ដឹកជញ្ជូន​លើ អាកាស​ខ្នាត​មធ្យម​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែលជា​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ល្អប្រសើរ​សម្រាប់​រាជធានី​ភ្នំពេញ​បា​ពេលបច្ចុប្បន្ន និង​ទៅ​អនាគត​ស្របតាម​កំណើត​ប្រជាជន និង​ភ្ញៀវ​ទេសចរណ៍ មានការ​កើន​ឡើងជា​លំដាប់​៕