កម្ពុជា​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំ ចេញ​អង្ករ ធ្វើជា​គោលនយោបាយ​ដ៏​សំខាន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2017 ក+ ក-

​ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​និយាយថា កម្មវិធី​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​គឺជា​កម្មវិធី​ដ៏​សំខាន់​មួយ រួមចំណែក​អនុវត្ត​គោលនយោបាយ​ស្រូវ​អង្ករ​របស់​រាជរដ្ឋាភិបាល ដែល​ទទួល​ហិរញ្ញប្បទាន​ពី​ធនាគា​អភិវឌ្ឍន៍អាស៊ី​, កម្មវិធី​កសិកម្ម និង​សន្តិសុខ​ស្បៀង​ពិភពលោក​,​មូលនិធិ​យុទ្ធសាស្ត្រ​អាកាសធាតុ​និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​។​
​ក្រសួង​បាន​បន្ថែមថា កម្មវិធី​នេះ​មាន​ទិសដៅ​បង្កើន​ប្រាក់ចំណូល​នៃ​តួអង្គ​សំខាន់ៗ​ក្នុង​ខ្សែ សង្វាក់​ផលិតកម្ម​ស្រូវ​អង្ករ តាមរយៈ​ការជំរុញ​ពា​ណិ​ជូ​ប​នីយកម្ម​ស្រូវ​អង្ករ ដែល​ធន់​នឹង​អាកាស ធាតុ ដោយ​អនុវត្ត​ក្នុង​ខេត្ត​គោលដៅ​ចំនួន​បី​គឺ​៖ ខេត្តកំពង់ធំ ខេត្តបាត់ដំបង និង​ខេត្តព្រៃវែង ។ កម្មវិធី​នេះ​នឹង​ជួយ​បង្កើន​ផលិតភាព​កសិកម្ម លើកកម្ពស់​គុណភាព​ស្រូវ​អង្ករ និង​រួមចំណែក​បន្សាំ ទៅនឹង​បម្រែបម្រួល​អាកាសធាតុ ដែល​ប្រជាកសិករ​កំពុង​ជួបប្រទះ ។
ទាក់ទង​នឹង​បញ្ហា​នេះ លោក​បណ្ឌិតសភា​ចា​រ្យ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុន្នីរ័ត្ន ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​ត្រួតពិនិត្យ តាមដាន​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​ជម្រុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ និង​ផ្តល់​ការតម្រង់ទិស​សម្រាប់​អនុវត្ត​បន្ត​ក្នុង​សប្តាហ៍​នេះ ដោយមាន​ការចូលរួម​ពី​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​នានា​បាន​ណែ​នាំឱ្យ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​បន្ត​សហការគ្នា និង​យកចិត្តទុកដាក់​លើ​បញ្ហា​គន្លឹះៗ​មួយចំនួន​ដើម្បី​អនុវត្ត​កម្មវិធី​នេះ​ឱ្យបាន​ជោគជ័យ​តាម​ការគ្រោងទុក និង​ដើម្បី​ជា​គុណប្រយោជន៍​ដល់​ប្រជាកសិករ និង​សេដ្ឋ កិច្ច​ជាតិ​ទាំងមូល​៕