ឃុំខ្លួន​មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី នៅ​ពន្ធនាគារ​ព្រៃ​ស ករណី​បាញ់បោះ​បណ្តាលឱ្យ​មនុស្ស​រងរបួស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 December, 2017 ក+ ក-

​ភ្នំពេញ ៖ លោក ថា​ន់ ឡេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែធ្នូ សម្រេច​ឃុំខ្លួន​មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី ដាក់ពន្ធនាគារ​ព្រៃ​ស ដើម្បី​រង់ចាំ​ការ​ស៊ើបសួរ​បន្តទៀត ។​
​ការឃុំខ្លួន​នេះ បន្ទាប់ពី​មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី ត្រូវបាន​ព្រះរាជអាជ្ញារង សឿន មុនី​រ័ត្ន ចោទប្រកាន់​ពីបទ​””​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​”​តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ​”​។​

​មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី ត្រូវបាន​ឃាត់ខ្លួន​ផ្លូវការ​ក្រោយ​បាញ់​យុវជន​ម្នាក់​ឱ្យ​របួស​និង​គំរាម​បាញ់​យុវជន​ម្នាក់ទៀត​ដែលជា​ការគំរាមកំហែង​អាយុជីវិត​។ អំពើ​ល្មើស​នេះ ទំនង​កើតចេញពី​ភាពស្រវឹង និង ចរិត​ក្រអឺតក្រទម​កោងកាច ដែល​មិត្តភក្តិ​ជនសង្ស័យ​លួច​បង្ហើប​ប្រាប់ ។ មជ្ឈដ្ឋាន​មួយចំនួន សង្ឃឹមថា វប្បធម៌​និ​ទណ្ឌ​ភាព​ឬ​ភាព​គ្មាន​ទោស​ចំពោះ​ជនល្មើស​ដែល​ប្រព្រឹត្ត គួរ​បញ្ឈប់ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ។​

​ហេតុការណ៍​បាញ់​យ៉ាង​គ​ន្លើ​ន​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​២២៖៣០ ថ្ងៃទី​១៨ ខែធ្នូ នៅ​ជិត​ភូមិគ្រឹះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ផ្លូវ​លេខ​២១១​កែង​ផ្លូវ​លេខ​២១៧ ភូមិ​៧ សង្កាត់​វាលវង់​ខណ្ឌ​៧​មករា ។​

​ក្រោយ​ហេតុការណ៍​បាញ់​នេះ ជនរងគ្រោះ​ពីរ​នាក់​ជា​និស្សិត​សាលា​ច្បាប់ បានដាក់​បណ្តឹង​ប្តឹង​ជនសង្ស័យ អ៊ិត​ពិសិដ្ឋ​រង្ស៊ី ដែល​ធ្វើឱ្យ​ពួកគេ​របួស និង រង​ការគំរាមកំហែង​ដល់​អាយុជីវិត ។​

​របាយការណ៍​នគរបាល បង្ហាញថា ជនសង្ស័យ​ចេញពី​ហូប​ការ​គេ​នៅ​វិមាន​ចរណៃ រួច​ជួបជុំ​មិត្តភក្តិ​ហូប​បន្ត​នៅ​ចំណុចកើតហេតុ ។ ពេល​ហូប​នោះ មានការ​ទាស់សម្តី​គ្នា ទើប​ជនសង្ស័យ​ចូលក្នុង​រថយន្ត យក​កាំភ្លើង​ម៉ាក​ទំនើប​បាញ់​ជនរងគ្រោះ​ឈ្មោះ លី តុលា បណ្តាលឱ្យ​របួស​ជើង​ខាងស្តាំ​និង​បន្ត​យក​កាំភ្លើង​ភ្ជង់​គំរាម​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ ខុន បញ្ញា​សិទ្ធិ ។​

​អ្វី​ជាការ​កត់សម្គាល់ គឺ នៅពេល​សមត្ថកិច្ច​ចុះ​ដល់​កន្លែងកើតហេតុ មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី បោះពាក្យ​សម្តី​យ៉ាង​ព្រហើន​ថា “​គេ​ចង់​បាញ់​ប៉ុន្មាន​គ្រាប់​ទៀត ក៏​គ្មាន​បញ្ហា​ដែរ “​។​

​ការប្រព្រឹត្ត​របស់​មេធា​វី អ៊ិត ពិសិដ្ឋ​រង្ស៊ី បាន​ប៉ះពាល់​យ៉ាងខ្លាំង​ក្លា​ដល់​វិជ្ជាជីវៈ​មេធាវី តែ​ទោះបីយ៉ាងណា នៅ​ថ្ងៃទី​១៩ ខែធ្នូ នៅ​ពុំទាន់​អាច​សុំ​ការបញ្ជាក់​ពី​លោក​មេធាវី យឹម សារី អ្នកនាំពាក្យ​គណៈមេធាវី បានទេ​ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល ។​

​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​យ៉ាងខ្លាំង​ចំពោះ​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ ។ ប៉ុន្តែ​ដោយសារ​ជន​ឱកាសនិយម​មួយចំនួន តែងតែ​ឆ្លៀត​យក​តួនាទី​ប្រព្រឹត្ត​បទល្មើស ពិសេស​ការបាញ់បោះ​សេរី ដែល​បង្ក​ភាពអសន្តិសុខ​ក្នុងសង្គម​ផ ។ មជ្ឈដ្ឋាន​ជាច្រើន សង្ឃឹមថា ស្ថាប័ន​មាន​សមត្ថកិច្ច ពិសេស​តុលាការ​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ​ពុំ​ត្រូវ​រង​សម្ពាធ​ណាមួយ​ឡើយ ៕