សាលាឧទ្ធរណ៍ មិន​អនុញ្ញាតឱ្យ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​២​រូប​នៅក្រៅ​ឃុំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2017 ក+ ក-

​អង្គជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ ធ្នូ នេះ បានសម្រេច​ច្រានចោល​ភ្លាមៗ បន្ទាប់ពី​បើកសវនាការ​ជំនុំជម្រះ​អសាធារណៈ​មួយ ពាក់ព័ន្ធ​នឹង​បណ្តឹង សុំ​នៅក្រៅ​ឃុំ​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ចំនួន​២ រូប​។​
លោក កែវ វ៉ា​នី មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក អួន ឈិន និង​លោក យាង សុជា​មេត្តា បាន​ប្រាប់​ឱ្យដឹងថា ក្នុង​រឿងក្តី​នេះ ក្រោយពី​សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​បើក​សវ​នា ការ​មក លោក​ចៅក្រម ឃុន លាង​ម៉េង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បានប្រកាសថា សំណុំរឿង​សុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​នេះ សភា​ព្រហ្មទណ្ឌ​នៃ​សាលាឧទ្ធរណ៍​មិន​អនុញ្ញាត​ឲ្យ​កូនក្តី​លោក បាន​នៅក្រៅ​ឃុំ​តាម​ការស្នើសុំ​នោះទេ ដោយ​លោក​អះអាងថា មូលហេតុ​ដោយសារ​សំណុំរឿង​កំពុងដំណើរការ​ស៊ើបអង្កេត​នៅឡើយ​។​
​ ​គួររំឭកថា លោក អ៊ួ​ន ឈិន និង លោក យាង សុជា​មេត្តា ត្រូវបាន​កម្លាំង​នគរបាល​កា​រិ​យា ល័យ​សន្តិសុខ​ផ្ទៃ​ក្នុងនៃ​ស្នងការដ្ឋាន រាជធានី​ភ្នំពេញ​ចាប់​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​អង្គារ ខណៈពេល​កំពុង​រៀបចំ​បន្ទប់​ស្ទូ​ឌី​យោ​មួយ​នៅក្នុង​ផ្ទះសំណាក់​ម៉ារ​ឌី​ជា​ន់ទី ៧ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​ព្រលប់​ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ក្រោម​ការសង្ស័យ​ផ្តល់ព័ត៌មាន​ពី​កម្ពុជា​ទៅ​វិទ្យុ​អាស៊ីសេរី​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​បាន​បញ្ជូន​ខ្លួន​ភ្លាមៗ​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​
​សូមជម្រាបថា លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា កំពុង​ប្រឈម​នឹង​ការ​ចោទ ប្រកាន់​ពីបទ «​ផ្តល់ព័ត៌មាន​ដល់​បរទេស​ដែល​អាចធ្វើ​ឲ្យ​មហន្តរាយ​ការការពារ​ជាតិ​» តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ក្នុងករណី​ដែល​តុលាការ​រកឃើញថា ពួកគេ​ទាំងពីរ​នាក់​មាន​កំហុស​ដូច​ទៅនឹង​បទ​ចោទ​ខាងលើ ជនសង្ស័យ​នឹងត្រូវ​ប្រឈម​ការផ្តន្ទាទោស​ជាប់ពន្ធនាគារ​ពី ៧ ដល់ ១៥ ឆ្នាំ​៕