សមាគម​ជប៉ុន ជំរុញ​ឲ្យ​យុវជន​កម្ពុជា​ធ្វើ​កម្មសិក្សា​នៅ​ទីក្រុង អ៊ី​ណូ​យ៉ាម៉ា​ក់ ឲ្យ​បាន​ច្រើន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2017 ក+ ក-

​ភ្នំពេញ ៖ ប្រធាន​សមាគម​សភាពាណិជ្ជកម្ម អ៊ី​ណូ​យ៉ាម៉ា​ក់ នៃ​ប្រទេស​ជប៉ុន លោក ហី​ប៊ី​ណុ​រី​អូ​តា​រ៉ូ បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ង្កើ​ន​ការជ្រើសរើស​បណ្ដុះបណ្ដាល​និង​បញ្ជូន​កម្មសិក្សាការី​កម្ពុ​ជា ទៅ​បន្ត​ការសិក្សា និង​បម្រើ​ការងារ​នៅ​ទីក្រុង​អ៊ី​ណូ​យ៉ាម៉ា​ក់ ឲ្យ​បាន​កាន់តែច្រើន ពីព្រោះ​ទីនោះ​ជា​តំបន់​មាន​សក្ដានុពល​លើ​ការអភិវឌ្ឍ ពិសេស​សម្បូរ​ការងារ​ធ្វើ ថែមទាំង​សម្បូរ​សាកលវិទ្យាល័យ​ធំៗ​ជាច្រើន​ទៀតផង​។​
​ការជំរុញ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​លោក​ប្រធាន​សមាគម​សភាពាណិជ្ជកម្ម​អ៊ី​ណូ​យ៉ាម៉ា​ក់ នា​ថ្ងៃ​ចន្ទ ៨​កើត ខែបុស្ស ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែធ្នូ គ​.​ស​២០១៧ នៅ​ទីស្ដីការក្រសួង​ការងារ​។​
​គ្រានោះ រដ្ឋមន្ត្រី អ៊ិត សំហេង មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ជប៉ុន កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​យ៉ាង​ទំ​លូ​ទំលាយ និង​រឹងមាំ ដែល​មិន​ត្រឹមតែ​ថ្នាក់ជាតិ​ប៉ុណ្ណោះ​ទេ សូម្បី​ថ្នាក់​ខេត្ត និង​រវាង​ប្រជាជន និង​ប្រជាជន​ក៏​កាន់តែ​ពង្រីក​ថែមទៀត​ដែរ​។​ដោយសារ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ​នេះហើយ ទើប​សភាពាណិជ្ជកម្ម​អ៊ី​ណូ​យ៉ាម៉ា​ក់ មានបំណង​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បង្កើន​ការជ្រើសរើស បណ្ដុះបណ្ដាល និង​បញ្ជូន​កម្មសិក្សាការី​កម្ពុ​ជា ទៅ​បន្ត​ការសិក្សា និង​ធ្វើ​កម្មសិក្សា​នៅ​ប្រទេស​ជប៉ុន ឲ្យ​បាន​ច្រើន​ថែមទៀត ពិសេស​ក្នុង​ទីក្រុង​អ៊ី​ណូ​យ៉ាម៉ា​ក់​នេះ​តែម្ដង​។​
​លោក​រដ្ឋមន្ត្រី​បាន​បន្តថា សមាគម​សភាពាណិជ្ជកម្ម​ខេត្ត​អ៊ី​ណូ​យ៉ាម៉ា​ក់​នេះ មាន​សមាជិក​ជាង​១,០០០​ក្រុមហ៊ុន​។ ចំណែក​នៅក្នុង​ទីក្រុង​អ៊ី​ណូ​យ៉ាម៉ា​ក់​នេះ​ទៀតសោត មាន​សាកលវិទ្យាល័យ​ល្បីៗ​ធំៗ​ច្រើន​ផងដែរ ដែល​ទទួល​បណ្ដុះបណ្ដាល​និស្សិត​ទៅលើ​គ្រប់​ជំនាញ ចាប់ពី​កម្រិត​ឧ​ត្ត​ម​សិក្សា​ឡើង​។ ពួកគេ​អាច​សិក្សា​បណ្ដើរ ធ្វើការ​រកប្រាក់​ចំណូល​បណ្ដើរ ក្នុង​មួយថ្ងៃ​អាចធ្វើ​ការ​បាន​រហូតដល់​២៨​ម៉ោង ហើយ​ក្នុង​មួយខែៗ ពួកគេ​អាច​រកប្រាក់​ចំណូល​បាន​ចាប់ពី​ជាង​១​ពាន់​ដុល្លារ​ឡើងទៅ​។​
​លោក​បញ្ជាក់ថា នេះ​ជា​ឱកាស​ដ៏​ប្រសើរ​សម្រាប់​យុវជន​កម្ពុជា ដែលមាន​បំណង​ចង់​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ជប៉ុន ដើម្បី​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ ប៉ុន្តែ​មុននឹង​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ចាំបាច់​ត្រូវ​ចេះ​ភាសា​ជប៉ុន​ក្នុង​កម្រិត​ណាមួយ​ជាមុនសិន ដែល​អាច​សិក្សា​បាន​នៅ​កម្ពុជា និង​មានការ​ប្រឡង​ធ្វើតេស្ត​ជាមុន​។
​ដំណឹង​នេះ ក៏​ជាការ​ផ្ដល់ឱកាស​ដល់ទី​ភ្នាក់ងារ​នានា ក្នុងការ​ជ្រើសរើស បណ្ដុះបណ្ដាល និង​បញ្ជូន​កម្មសិក្សាការី​នៅ​ខេត្ត​អ៊ី​ណូ​យ៉ាម៉ា​ក់​ពី​កម្ពុជា​។ ចំពោះ​ចំនួន​កំណត់​កម្មសិក្សាការី​កម្ពុ​ជា​ទៅ​ប្រទេស​ជប៉ុន​យ៉ាងណា​នោះ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ ពោលគឺ​ធ្វើ​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​៕