ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិន មានបើកសិក្ខាសាលាអនុម័ត្តដីចំការមីនសំរាប់បញ្ចូលក្នុងផែនការបោសសំអាត ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន និងជាប្រធានគណកម្មាធិការសកម្មភាពមីនខេត្តប៉ៃលិន ដែលមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំនាញជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ លោកមេឃុំ ចៅសង្កាត់ និងតំណាងប្រតិប័ត្តករដោះមីនក្នុងខេត្តប៉ៃលិន, អង្គការ CMAC , អង្គការ MAG, និង អង្គការMPMEC ជាច្រើននាក់។
លោក ឈិម សម្បត្តិ ប្រធានអង្គភាព Mapou ខេត្តប៉ៃលិន បានអោយដឹងថា៖ រយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៧ យើងបានបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះបានចំនួន២០ចំការ ស្មើនឹងផ្ទៃដីចំនួន៥១៥ហិកតា ដោយបោសសំអាតបានគ្រាប់ប្រភេទ AMPបានចំនួន ៦៧៩ គ្រាប់ , និងប្រភេទUXO បានចំនួន ៥០គ្រាប់, ដែលសំរេចបាន១៦%បើប្រៀបនឹងផែនការប្រចាំឆ្នាំ ។ លោកបានបន្តថា នៅក្នុងឆ្នាំ២០១៧នេះ ជនរងគ្រោះដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ មានចំនួន៣នាក់ ស្មើនឹង ២ករណី ក្នុងនោះនៅសង្កាត់បយ៉ាខាចំនួន២នាក់ និងនៅឃុំស្ទឹងកាច់ចំនួន១នាក់ ។ លោកក៍បានឲ្យដឹងដែរថា៖ សំរាប់ឆ្នាំ២០១៨នេះ យើងមាន ប្រតិប័ត្តករដោះមីនចំនួន៣អង្គភាព គឺ CSHD ទទួលយកចំការមីនចំនួន3ចំការមីន មានទំហំដី៥៥ហិកតា, អង្គការMAG ចំនួន២៦ចំការ មានទំហំដី ១១៤ហិកតា។ អង្គការHalo Trust ចំនួន៣៣ចំការ មានទំហំដី ១៦៧៥ ហិកតា ដែលមានផ្ទៃដីសរុប ក្នុងផែនការបោសសំអាតមីនក្នុងឆ្នាំ២០១៨នេះ មាន៦២ចំការ ,ស្មើទំហំដី ១៧៣០ហិកតាផងដែរ ។
ថ្លែងក្នុងឪកាសនោះដែរឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន និងជាប្រធានគណកម្មាធិការសកម្មភាពមីនខេត្តប៉ៃលិនបានមានប្រសាសន៍ ថ្លែងអំណរគុណដល់ក្រុមប្រតិបត្តករដោះមីន និងអាជ្ញាធរមីនគ្រប់លំដាប់ថ្នាក់ដែលខិតខំទាំងកំលាំងកាយ ប្រាជ្ញា ក្នុងការងារដោះមីន និងគ្រាប់មិនទាន់ផ្ទុះនៅក្នុងខេត្តប៉ៃលិន ដែល រំដោះបាននូវដីកសិកម្ម និងដីកសាងហេដ្ឋារចនាសម្ព័ន្ធសព្វបែបយ៉ាងជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានមានប្រសាសន៍ថា មកដល់ពេលបច្ចុប្បន្ននេះ យើងបានធ្វើការបោសសំអាតមីន និងយោធភ័ណមិនទាន់ផ្ទុះបានច្រើន ហើយអត្រាគ្រោះថ្នាក់របស់ប្រជាពលរដ្ឋក៏មានការថយចុះយ៉ាងច្រើនដែរ សំរាប់ខេត្តប៉ៃលិន។ ឯកឧត្តម បានមានប្រសាសន៍បន្តថា នៅក្នុងឆ្នាំ២០១៨នេះ យើងត្រូវបន្តយន្តការផ្សព្វផ្សាយអោយបានទូលំទូលាយ និងបានខ្លាំងខ្លាថែមទៀត ដល់ប្រជាពលរដ្ឋមូលដ្ឋាន អោយពួកគាត់បានយល់ពីបញ្ហាគ្រោះថ្នាក់ដោយសារគ្រប់មីន និងគ្រាប់មិនទាន់ផ្ទុះ និងចូលរួមទាំងអស់គ្នា ការពារកុំអោយមានគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនេះ៕
១១ខែឆ្នាំនេះ ខេត្តប៉ៃលិនបោសសំអាតមីនចំនួន៥១៥ហិកតា គ្រោះថ្នាក់៣នាក់