ថៃ ៖ ជនរងគ្រោះម្នាក់ ដែលជាពលករខ្មែរបម្រើការងារនៅឯប្រទេសថៃ បានស្លាប់នៅខាងមុខអគារស្នាក់នៅរបស់ខ្លួន បន្ទាប់ពីជនរងគ្រោះរូបនេះ បានផឹកសុីជាមួយមិត្តភ័ក្ត្រ ដែលជាពលករខ្មែរដូចគ្នា ហើយទំនងជាស្រវឹងរៀងខ្លួនទាស់សម្តីគ្នា ទើបត្រូវភាគីម្ខាងទៀតទាញប័ុងតោកាប់បណ្ដាលឩ្យស្លាប់ ហើយរត់គេចខ្លួនបាត់ ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចថៃបានអោយដឹងថា ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទី យប់ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧ត្រង់ចំណុចខាងមុខអគារស្នាក់នៅរបស់កម្មករមួយកន្លែង ដែលស្ថិតក្នុងក្រុមហ៊ុន អុីតាលៀន ថៃ ឌីវើលុបភើមេន ច្រកចូលសណ្ឋាគារ ប៉ាធុមផាឡាស់ ក្នុងឃុំបានម៉ៃស្រុកមឿង ខេត្តប៉ាធុមថានី ប្រទេសថៃ ។ នៅកន្លែងកើតហេតុគេសង្គេតឃើញមានកម្មករកសាងសង់ជាច្រើននាក់ បានឈរចោមរោម មើលសពពលករខ្មែរម្នាក់ ដែលបានដេកស្លាប់។ក្រោយពីសមត្ថកិច្ចថៃបានចុះទៅពិនិត្យសពគឺសង្គេតឃើញថា មានស្នាមកាប់នឹងវត្ថុមុតស្រួច ចំនួនពីរកន្លែង គឺក្បាលផ្នែកខាងក្រោយមួយកន្លែង និងដៃស្តាំមួយកន្លែង ។ សពនេះមានឈ្មោះ ធុច ចង្រិត ភេទប្រុស អាយុ៣៧ឆ្នាំ ជាពលករខ្មែរ ដែលប្រភពមួយចំនួនបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះរូបនេះ បាន ផឹកសុីជាមួយមិត្តភ័ក្ត្ររបស់គេម្នាក់ ដែលជាពលករមកពីប្រទេសកម្ពុជាដូចគ្នា លុះពេលស្រវឹងទំនងជាមានការទាស់សម្តីគ្នា ទើបត្រូវភាគីម្ខាងប្រើកាំបិតបុ័ងតោ កាប់ស្លាប់
ដោយគ្មានអ្នកណាដឹងសោះ ។ស្ត្រីឈ្មោះ សិរីផាន់ សែនផាប អាយុ៤៩ឆ្នាំ បាននិយាយថា ខណៈដែលខ្លួនកំពុងឈរ
ជជេកគ្នាលេងជាមួយនឹងអ្នកគ្រប់គ្រងអគារស្នាក់នៅរបស់កម្មករ នៅឯប៉ុស្តិ៍យាមខាងមុខគឺបានឃើញពលករខ្មែរម្នាក់ ( ជនសង្ស័យ ) ស្លៀកខោជើងវែង ពាក់អាវដៃវែង ព៌ណខៀវ
គ្មានពាក់ស្បែកជើង បានដើរចេញទៅក្រៅដោយបានប្រាប់ថា សុំទៅទិញសាច់ក្លែមខាងក្រៅមួយភ្លែត ហើយក៏បាត់រហូត រួចទើបដឹងថា មានករណីនេះកើតឡើង ។បច្ចុប្បន្នសពត្រូវបានកំលាំងសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ ដើម្បី រៀបចំបញ្ជូនមកអោយក្រុមគ្រួសារ សាច់ញាតិ នៅឯប្រទេសកម្ពុជាវិញ ដោយឡែកជនសង្ស័យដែលគេបានស្គាល់អត្តសញ្ញាណច្បាស់ហើយពេលនេះតម្រួតថៃ កំពុងតាមរកចាប់ខ្លួនយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ខ្មែរផឹកស៊ីស្រវឹង កាប់គ្នាស្លាប់ម្នាក់នៅប្រទេសថៃ