បុរស​ចំណាស់​ម្នាក់​ប្រយុទ្ធ​ជាមួយ​ខ្លាឃ្មុំ​មិន​ឈ្នះ ធ្វើ​ពុត​ជា​សន្លប់​ទើប​រួចខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 December, 2017 ក+ ក-

ខេត្ត​ប៉ៃលិន​៖ បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ ដោយសារតែ​ខ្លាឃ្មុំ​មួយ​ក្បាល​វាយប្រហារ​នៅ​កណ្តាល​ព្រៃ នៃ​ជួរ​ភ្នំ​ទ្រព្យ ក្នុង​ខេត្ត​ប៉ៃលិន ខណៈដែល​រូបគាត់​កំពុង​ដើរ​តាម​មាត់​អូរ សំដៅទៅ​ខ្ទម​របស់ខ្លួន​ស្នាក់នៅ ។ ហេតុការណ៍​ខាងលើនេះ បានកើត​ឡើង​ជាង​មួយ​សប្តាហ៍​កន្លងទៅ តែ​ទើប​បានដឹង​ដល់​អ្នកសារព័ត៌មាន ស្ថិត​ចំណុច​ជួរ​ភ្នំ​ទ្រព្យ នៃ​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​
​បើតាម​បុរស​ចំណាស់​ឈ្មោះ សិទ្ធ ខេ​ត្រ អាយុ​៥៣​ឆ្នាំ ជា​ជនរងគ្រោះ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ ដែល​បច្ចុប្បន្ន​រស់នៅ​ទីតាំង​ខាងលើ បាន​រៀបរាប់​ឲ្យ​ភ្នាក់ងារ​យើង​ដឹងថា​៖ មុនពេល​កើតហេតុ​រូប បាន​ដើរ​មកពី​រកត្រី ដោយ​ដើរ​សរសៀរ​តាម​ដងអូរ លើ​ចំណុច​ជួរ​ភ្នំ​ទ្រព្យ ក៍​ប្រទះឃើញ​សត្វ​ខ្លាឃ្មុំ​មួយ​ក្បាល ទម្ងន់​ជាង​១០០​គឺ​ឡូរ​ក្រាម បាន​បោល​សំដៅ​មករក​គាត់ រួច​ខាំ​លើ​រូបគាត់ ធ្វើ​ឲ្យ​គាត់​ខំប្រឹង​រើ​បម្រាស់​ពេញទំហឹង ប៉ុន្តែ​មិនអាច​យកឈ្នះ​សត្វ​ខ្លាឃ្មុំ​នោះបាន​ឡើយ ។ រូបគាត់ បាន​បន្តថា​៖ សត្វ​ខ្លាឃ្មុំ ដែល​ខាំ​គាត់​គឺ​ហាក់បី​ដួច​ជា​ខឹង​ពី​ណា​មក​អញ្ចឹង ដោយ​ខាំ​រហូតដល់​រូបគាត់ ធ្វើជា​សន្លប់ ទើប​វា​ឈប់​ខាំ ព្រោះ​ប្រសិនជា​គាត់​រើរ​ត្រង់​កន្លែង​ណា​គឺ​វា​ខាំ​ត្រង់​កន្លែង​នោះ ហើយ​ក្នុងការ​វាយប្រហារ​បស់​ខ្លាឃ្មុំ​នោះ​គឺ​បណ្តាល​ឲ្យ​គាត់​រងរបួស​ពេញ​រាងកាយ ក្បាល ផ្ទៃមុខ​ផងដែរ ។ គាត់​បន្តទៀតថា​៖ បន្ទាប់ពី​គាត់​ធ្វើ​សន្លប់​គឺ​សត្វ​ខ្លាឃ្មុំ វា​នៅតែ​ឈរ​ទ​ន្រាំ​លើ​ទ្រូង របស់គាត់​រហូត​លេង​រើ ទើប​វា​ដើរចេញ ក្រោយមក​ដោយ​ឃើញ​វា​ដើរចេញ​ឆ្ងាយ​ហើយ រូបគាត់​ក៍​ខំប្រឹង​ដើរទៅ​មុន ដើម្បី​ស្វែងរក​ការជួយ​សង្គ្រោះ​ពី​មន្ត្រី​អភិរក្ស​បរិស្ថាន​ខេត្ត ឬ​ប្រជាពលរដ្ឋ​នៅ​ទីនោះ រហូតដល់​ចំងាយ​ផ្លូវ​ជិត​ម្ភៃ​គឺ​ឡូរ​ម៉ែត្រ ទើប​ប្រទះឃើញ​បងប្អូន​ប្រជាពលរដ្ឋ ក៍​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន តែម្តង ។
​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះដែរ ត្រូ​ប​បាន​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ប៉ៃលិន មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​១៩​និង​១៥​នាទី​យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧​ថា​៖​កន្លងមក​ក្រុម​ល្បា​ត់នៃ​មន្ត្រី​អភិរក្ស​មន្ទីរ​បរិស្ថាន​ខេត្ត ធ្លាប់​ប្រទះឃើញ​ជា​ច្រើនដង​មកហើយ មានពេលខ្លះ​ក៍​ត្រូវ​ខ្លាឃ្មុំ​វាយប្រហា មកលើ​ក្រុមការងារ​ល្បាត​របស់លោក​ដែរ ជួនកាល​ជួប​រហូតដល់​បី​ទៅ​បួន​ក្បាល​ឯណោះ ។ លោក​ប្រធាន បន្តថា​៖ បើ​និយាយ​ពី​សត្វ​ខ្លាឃ្មុំ ដែល​មាននៅ​ខេត្ត​ប៉ៃលិន​គឺ​ប្រហែល​២០​ក្បាល ដែល​រស់នៅ​តំបន់ភ្នំ​ទ្រព្យ ភ្នំ​ផល្លី​ផល្លា​ជាដើម ហើយ​ចំពោះ​បុរស​ចំណាស ដែល​រង​ការវាយប្រហា​ពី​ខ្លាឃ្មុំ​នោះ ជូន​កាល​គាត់​ជា​អ្នក​ដាក់​អន្ទាក់ ដោយបាន​មេ​ខ្លាឃ្មុំ ប៉ុន្តែ​មាន​អា​ឈ្មោល​នៅ​ទីនោះ​ឮ ក៍​មកជួយ​គ្នា​វា ទើបបានជា​វា​ខឹង​វាយប្រហា​បុរស​នោះ​ទៅ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​របស់លោក ។ បច្ចុប្បន្ន​បុរសរងគ្រោះ​ខាងលើ បាន​ធូរស្រាល​បណ្តើរៗ​ហើយ​ដែរ​(​បទ​សម្ភាស​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​) ៕