ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងព័ត៍មាន បានរៀបចំការប្រកាសផ្ទេរតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុរបស់ក្រសួង ដោយឯកឧត្តម លី វ៉ាន់ហុង ត្រូវ បានតែងតាំងជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៍មាន បន្ថែមលើមុខ តំណែងអនុរដ្ឋលេខាធិការក្រសួងព័ត៍មាន នាពេលបច្ចុប្បន្ន ជំនួសលោកជំទាវ លឹម មុំ ដែលត្រូវ ចូល និវត្តន៍។
ក្នុងឱកាសនេះឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មានបានសម្តែងនូវការកោត សសើរ ចំពោះលោកជំទាវ លឹម មុំ អតីតអគ្គនាយិកា នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌ មាន ដែលបានខិតខំក្នុងការបំរើការងារជាច្រើនឆ្នាំកន្លងទៅនេះ ដែលស្នាដៃរបស់ លោកជំទាវ ត្រូវ បានកត់ត្រា និងក្លាយជាមេរៀនដល់អ្នកបន្តវេនរៀនសូត្រតាម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏ បានជំរុញដល់មន្ត្រីគ្រប់បណ្តាអង្គភាពក្រោមឱវាទក្រសួងព័ត៍មានត្រូវមាន សាមគ្គីភាពជាធ្លុងមួយ ធ្វើការបំរើដល់ផលប្រយោជន៍ប្រទេសជាតិជាធំ ជាពិសេសត្រូវធ្វើ យ៉ាងណារួមចំណែកជំរុញ វិស័យព័ត៍មាននៅកម្ពុជាអោយឈានឡើងបន្ថែមទៀត។
លោកជំទាវ លឹម មុំ មានប្រសាសន៍ថា ថ្ងៃនេះ ជាថ្ងៃដែលលោកជំទាវត្រូវដាក់អោយចូល និវត្តន៍ ក្រោយពីបានបំពេញការងារជូនជាតិអស់រយៈពេល ៣៨ឆ្នាំកន្លងមក ហើយថា សំរាប់រូប លោក ជំទាវ ផ្ទាល់មានមោទនភាពខ្ពង់ខ្ពស់បំផុតដែលបានចំណាយពេលវេលាស្ទើរ ពាក់កណ្តាល នៃជីវិត ក្នុងការបំរើប្រទេសជាតិ ដោយគិតចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ ២០១៧នេះ។
ដោយឡែកឯកឧត្តម លី វ៉ាន់ហុង ដែលត្រូវចូលមកទទួលភារថ្មីជាអគ្គនាយក នៃអគ្គ នាយក ដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៍មានមានប្រសាសន៍ថា ឯកឧត្តមសូមតម្កល់រាល់ ស្នាដៃរបស់ អតីតអគ្គនាយិកាទុកជាមេរៀនក្នុងការបំពេញការងារបន្តធ្វើអោយការងាររដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៍មានទទួលបានសមិទ្ធផលថ្មីៗធំធេងបន្ថែមទៀត និងបានប្តេជ្ញាក្នុងការ បំពេញការងារ ដោយការទទួលខុសត្រូវខ្ពស់បំផុត៕
ក្រសួងព័ត៌មានប្រកាសផ្ទេរតំណែងអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ