កម្ពុជា​នឹង​បញ្ជូន​កម្លាំង​មួក​ខៀវ​១៨៤​នាក់ ទៅ​​ប្រទេស​លី​បង់​ នៅដើមឆ្នាំ ក្រោយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 December, 2017 ក+ ក-

​ភ្នំពេញ ៖ កងកម្លាំង​មួក​ខៀវ​ក​ម្ព​ជា​ចំនួន​១៨៤​នាក់ ដែល​ត្រៀម​ចេញទៅ​បំពេញបេសកកម្ម​សន្តិភាព របស់​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​លី​បង់ នា​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០១៨ ខាងមុខ នេះ បាន​បើក​ការហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព ពហុ​ជាតិ ខេត្តកំពង់ស្ពឺ​។​
ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ួ​ត គីម​សាន្ត អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព និង​ជា នាយក សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ក​ជាតិ ថ្លែងថា ពាក់កណ្តាល​ខែមករា ឆ្នាំ ២០១៨ ខាងមុខនេះ កម្ពុជា​នឹង​បញ្ជូន​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​១៨៤​នាក់ ដែល​កំពុង​ហ្វឹក ហាត់ នេះ ត្រៀម​ទៅ​បំពេញបេសកកម្ម នៅ​សាធារណរដ្ឋ​លី​បង់​។
​លោក ហ៊ួ​ត គឹម​សាន្ត បន្តថា កម្លាំង​មួក​ខៀវ​១៨៤​នាក់ នេះ ក្រៅពី​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត ក៏បាន​ហ្វឹកហ្វឺន​លើ​ជំនាញ ជំនាញ​វិស្វកម្ម មាន​សំណង់​ផ្តេក និង​សំណង់​បញ្ឈរ​, ជំនាញ​បោស សំអាត មីន​,​ជំនាញ​កម្ទេច​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​គ្រាប់​កែច្នៃ​, ជំនាញ​សុខាភិបាល​សង្គ្រោះ​បឋម ការសិក្សា​ផ្នែក​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ច្បាប់​សិទ្ធិមនុស្ស ច្បាប់ព្រហ្មទណ្ឌ ច្បាប់​សង្គ្រាម អប់រំ ចិត្តសាស្ត្រ​។​ល​។​
​លោក ហ៊ួ​ត គឹម​សាន្ត បន្ថែមថា កម្លាំង​មួក​ខៀវ​កម្ពុជា​ដែល​ត្រៀមខ្លួន​ដើម្បី​ចូលរួម​បំពេញ បេសកកម្ម​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​នេះ គឺមាន​សមត្ថភាព​គ្រប់គ្រាន់ និង​មាន​ជំនាញ ច្បាស់លាស់ ដោយ​សារបាន​ឆ្លងកាត់​វគ្គ​ហ្វឹកហ្វឺន​ត្រឹមត្រូវ ដែលមាន​យោធា​ជាតិ និង​អន្តរជាតិ​ដែល មាន​មកពី​សហរដ្ឋអាមេរិក ចិន ឥណ្ឌា បារាំង ជប៉ុន មន្ត្រី UNMASS របស់​អង្គការសហប្រជាជាតិ និង​បណ្តា​ប្រទេស​ជា​មិត្ត កម្ពុជា ជាច្រើន​នាក់​ទៀត​។​
​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង ចំនួន​សរុប​ជិត​៥០០០​នាក់ ក្នុង នោះ​មាន​ស្ត្រី​ជាង​២០០​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ ខណៈ​បច្ចុប្បន្ន កម្ពុ​ជាមាន​កម្លាំង​ចំនួន​១០០០​នាក់ ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៨ រួមមាន​៖ ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល ឆាដ សាយ​ប្រឹស ស៊ី​រី លី​បង់ និង​ម៉ាលី​។ កម្លាំង មួក​ខៀវ​ទាំងអស់នេះ ដែល​ធ្វើអោយ​ប្រទេស​កម្ពុជា ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើន ជាងគេ​លំដាប់​ទី​២ នៅក្នុង​តំបន់​អាស៊ាន​៕