ឆ្នាំ​២០១៨ ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ពីរ​ដំណាក់កាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 December, 2017 ក+ ក-

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ដំឡើង​អត្រាកំណើន​១២% នៃ​ប្រាក់បៀវត្ស​មូលដ្ឋាន​លើក​ទី​១ នៅ​ចាប់ពី​ខែមករា ឆ្នាំ​២០១៨ តទៅ និង​ដំឡើង​ដំណាក់កាល​ទី​២ នៅ​ខែមេសា​មុន​ចូលឆ្នាំ​ប្រពៃណី ខ្មែរ​។​
​សេចក្តីសម្រេច​ឲ្យ​មានការ​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រីរាជការ​នេះ ត្រូវបាន​ធ្វើឡើង ២​ដង ក្នុង​១​ឆ្នាំ ដោយ​រាជរដ្ឋាភិបាល​បាន​អះអាងថា ដើម្បី​ចូលរួម​លើកកម្ពស់​កម្រិត ជីវភាព​របស់​មន្ត្រី រាជ ការ គ្រូពេទ្យ គ្រូបង្រៀន និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដូចជា យោធា នគរបាល និង​អាវុធ ហត្ថ ឲ្យ​កាន់​តែមាន​ជីវភាព​ធូរធា ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។
​យោងតាម​តារាង​ប្រាក់បៀវត្ស ដែល​ចេញ​ដោយ​ក្រសួង​មុខងារសាធារណៈ បាន​បង្ហាញថា នៅ​ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០១៨ ប្រាក់បៀវត្ស​ទាប​បំផុត​របស់​មន្ត្រីរាជកា​រ កម្លាំង​ប្រដាប់ អាវុធ រួមមាន ៖
១៖ ប្រាក់បៀវត្ស​មន្ត្រីរាជការ​ស៊ីវិល ផ្នែក​រដ្ឋបាល ថ្នាក់ទាប​បំផុត ដែល​បច្ចុប្បន្ន (​មុន​ខែមករា ឆ្នាំ ២០១៨) ចំនួន​៨៥៣.៥០០​រៀល ត្រូវ​កើន​ដល់​៩១៤.៤៥០​រៀល ចាប់ពី​ខែមករា ដល់ ខែមីនា ឆ្នាំ​២០១៨ ។​
២៖ ប្រាក់បៀវត្ស​គ្រូបង្រៀន កម្រិត​ទាប​បំផុត ដែល​បច្ចុប្បន្ន (​មុន​ខែមករា ២០១៨) ចំនួន ៩៥៣,៥០០​រៀល ត្រូវ​កើន​ដល់ ១.០១៤.៤៥០​រៀល ចាប់ពី​ខែមករា ដល់ ខែមីនា ឆ្នាំ​២០១៨​។
៣៖ ប្រាក់បៀវត្ស​គ្រូពេទ្យ កម្រិត​ទាប​បំផុត ដែល​បច្ចុប្បន្ន (​មុន​ខែមករា ២០១៨) ចំនួន ៩៥៣,៥០០​រៀល ត្រូវ​កើន​ដល់ ១.០១៤.៤៥០​រៀល ចាប់ពី​ខែមករា ដល់ ខែមីនា ឆ្នាំ​២០១៨​។
៤៖ ប្រាក់បៀវត្ស​នគរបាលជាតិ ថ្នាក់ទាប​បំផុត ដែល​បច្ចុប្បន្ន (​មុន​ខែមករា ២០១៨) ចំនួន ៩៣៧.៩៧៨​រៀល ត្រូវ​កើន​ដល់ ៩៩៨.៩២៨​រៀល ចាប់ពី​ខែមករា ដល់ ខែមីនា ឆ្នាំ​២០១៨​។​
៥៖ ប្រាក់បៀវត្ស កងទ័ព ថ្នាក់ទាប​បំផុត ដែល​បច្ចុប្បន្ន (​មុន​ខែមករា ២០១៨) ចំនួន ៨៨០.៩៧៨​រៀល ត្រូវ​កើន​ដល់ ៩៣៥.០២៨​រៀល ចាប់ពី​ខែមករា ដល់ ខែមីនា ឆ្នាំ​២០១៨​។​
​ចំពោះ​ការដំឡើង​ប្រាក់​ប្រៀ​វត្ស​ជូន​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ លើក​ទី​២ ចាប់ពី​ខែ មេសា មុន​ចូលឆ្នាំ​ខ្មែរ តទៅ រួមមាន ៖
១៖ ប្រាក់បៀវត្ស​មន្ត្រីរាជការ​ស៊ីវិល ផ្នែក​រដ្ឋបាល​ថ្នាក់ទាប​បំផុត នឹងត្រូវ​កើនឡើង​ដល់ ១.០១៤.៤៥០​រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០១៨​។
២៖ ប្រាក់បៀវត្ស​គ្រូបង្រៀន កម្រិត​ទាប​បំផុត នឹងត្រូវ​កើនឡើង​ដល់ ១,១១៤,៤៥០​រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០១៨​។
៣៖ ប្រាក់បៀវត្ស​គ្រូពេទ្យ កម្រិត​ទាប​បំផុត នឹងត្រូវ​កើនឡើង​ដល់ ១.១១៤.៤៥០​រៀល ចាប់ ពី​ខែមេសា ឆ្នាំ​២០១៨ ។​
៤៖ ប្រាក់បៀវត្ស​នគរបាលជាតិ ថ្នាក់ទាប​បំផុត នឹងត្រូវ​កើនឡើង​ដល់ ១.០៩៨.៩២៨​រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០១៨​។​
៥៖ ប្រាក់បៀវត្ស​យោធា (​កងទ័ព​) ថ្នាក់ទាប​បំផុត នឹងត្រូវ​កើនឡើង​ដល់ ១.០៣៥.០២៨​រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០១៨​។​
​ដោយឡែក​បៀវត្ស​អប្បបរមា​របស់​យោធិន និង មន្ត្រី​នគរបាលជាតិ គឺ​គិត​បញ្ចូល​ទាំង ប្រាក់ ហូប​ប្រចាំថ្ងៃ និង​របប​អង្ករ​ប្រចាំខែ​គិត​ជា​សាច់ប្រាក់​។​
​គួរ​បញ្ជាក់ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន អះអាង ជា ញឹក ញាប់​នៅ​ចំពោះ​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ​ថា នៅ​ឆ្នាំ​២០១៨ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ នឹងមាន​ប្រាក់បៀវត្ស​ទាប​បំផុត​១​លាន​រៀន​៕