គ ជ ប អំពាវនាវ​ឱ្យ​មន្ត្រី​ក្នុង​មុខតំណែង​ទាំងអស់​ពិនិត្យ​បញ្ជី​បោះឆ្នោត​ព្រឹទ្ធសភា ឆ្នាំ​២០១៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 December, 2017 ក+ ក-

​ភ្នំពេញ ៖ ការបោះឆ្នោត​ជ្រើសរើស​តាំង​សមាជិក​ព្រឹទ្ធសភា​កម្ពុជា នីតិកាល​ទី​៤ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាងមុខនេះ មាន​ការិយាល័យ​បោះឆ្នោត​ចំនួន ៣៣ នៅក្នុង ២៥​រាជធានី​-​ខេត្ត និង​មាន​អង្គ​បោះឆ្នោត (​អ្នកបោះឆ្នោត​) សរុប​ចំនួន ១១,៦៩៥​នាក់​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រប​ចំការ​បោះឆ្នោត គ​.​ជ​.​ប ដែល​បាន បិទ​ផ្សាយ​នៅ​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០១៧ ។​

សេចក្ដីប្រកាស​ព័ត៌មាន ដដែល​បាន​ឲ្យ​ដឹងថា គ​.​ជ​.​ប បាន​បញ្ជូន​បញ្ជី​បោះឆ្នោត​ដំបូង​សម្រាប់ ការបោះឆ្នោត​ជ្រើសរើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ទៅកាន់​គណៈកម្មការ រាជធានី​-​ខេត្ត រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) ទាំង​២៥ រួចរាល់​អស់ហើយ​។
​ ​គ ជ ប ក៏បាន​បញ្ជាក់ដែរថា បញ្ជី​បោះឆ្នោត​ដំបូង​ត្រូវបាន​បិទ​ផ្សាយ​ជា​សាធារណៈ​រយៈពេល ១០​ថ្ងៃ​។ ក្នុង​រយៈពេល​កំណត់​នេះ ជន​ណាក៏ដោយ មាន​សិទ្ធិ​ប្ដឹងតវ៉ា ឬ​ប្ដឹង​ជំទាស់ ទាក់ទង​ទៅនឹង​បញ្ជី​បោះឆ្នោត​ដំបូង​នេះដែរ​។

​ ​គ​.​ជ​.​ប បាន​អំពាវនាវ ដល់​អង្គ​បោះឆ្នោត ឬ​មន្ត្រី​ក្នុង​មុខតំណែង​ទាំងអស់ ទៅពិនិត្យ​មើល​ឈ្មោះ និង​ទិន្នន័យ​ពាក់ព័ន្ធ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង​នេះ នៅតាម​ការិយាល័យ​បោះឆ្នោត ឬ អាច​ចូល​មើល​ទិន្នន័យ ក្នុង​គេហទំព័រ www.voterist.org.kh​។

​ ​សូមបញ្ជាក់ថា អង្គ​បោះឆ្នោត គឺ​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​តំណាងរាស្ត្រ ក្នុង​តំណែង​ដែល នៅ​ទូទាំង​កម្ពុ​ជាមាន ក្រុមប្រឹក្សាឃុំ​-​សង្កាត់ មាន​ចំនួន ១១,៥៧២​នាក់ និង​តំណាងរាស្ត្រ មាន​ចំនួន ១២៣​នាក់ ដែល​នឹងត្រូវ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ឆ្នាំ ២០១៨ នេះ​៕