បាញ់សម្លាប់​មនុស្ស​ម្នាក់​ពេល​បណ្តើរ​ម៉ូតូ​នៅ​ម្ដុំ​ស្ពាន លី​យ៉ុង​ផាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 January, 2018 ក+ ក-

​ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​ចំនួន​២​គ្រាប់ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​ម្ដុំ​ស្ពាន​លី​យ៉ុង​ផាត់ ក្នុងខណ្ឌឫស្សីកែវ សមត្ថកិច្ច​បានដាក់​ការសង្ស័យ​ជំហាន​ដំបូង​ថា ជា​រឿង​គំនុំ​។
​នៅវេលា​ម៉ោង​ជិត​២១​យប់ ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៨​នេះ មាន​ករណី​បាញ់ប្រហារ​មួយ​បាន​កើតឡើង នៅ​ម្ដុំ​ស្ពាន​លី​យ៉ុង​ផាត់ ដោយ​ខ្មាន់កាំភ្លើង​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​ម៉ាក CPX ព​ណ៍ស បាន​បាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ​ចំនួន​២​គ្រាប់ ចំ​កណ្ដាល​ក្បាល បណ្ដាល​ឲ្យ​ដួល​ស្លាប់​នៅនឹងកន្លែង​។​
ករណី​បាញ់ប្រហារ​នេះ បានកើត​ឡើង នៅពេលដែល​ជនរងគ្រោះ​កំពុងតែ​បណ្ដើរ​ម៉ូតូ ម៉ាក NEX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CB-4808 នៅក្បែរ​ស្ពាន​លី​យ៉ុង​ផាត់ ស្រាប់ តែ​ជនសង្ស័យ​ដក​កាំភ្លើង​បាញ់សម្លាប់​តែម្ដង​។ បន្ទាប់ពី​បាញ់ប្រហារ​ជនរងគ្រោះ​រួចហើយ ជនសង្ស័យ​បានគេច​ខ្លួន​បាត់ស្រមោល ។​ក្រោយពេល​ទទួលបាន​ព័ត៌មាន​នេះ សមត្ថកិច្ច​បាន​បើក​ការស្រាវជ្រាវ​ភ្លាមៗ​ដែរ ប៉ុន្តែ​មិនទាន់​រកឃើញ​ជនដៃដល់​នៅឡើយ​ទេ ៕