រថយន្តក្រុង​កា​ពី​តូ​ល បុក​ជាមួយ​រថយន្ត​មន្ត្រី​ស្រុក​ក្រគរ​ស្លាប់​៥​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2018 ក+ ក-

​ពោធិ៍សាត់ ​៖ តាម​ការលើកឡើង អភិបាលស្រុក​ក្រគរ លោក ប៊ិន វណ្ណា បាន​ឲ្យ​ដឹងថា​៖​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង រវាង​រថយន្តក្រុង​សញ្ញា កាប់​ពី​តូ​ល បុក​ជាមួយ​រថយន្ត​របស់លោក សុទ្ធ តារា ប្រធាន​ក្រុមប្រឹក្សា ស្រុក​ក្រគរ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​១៥០-១៦០ ត្រង់ចំណុច​ភូមិ​សារ​វ័​ន្ត ឃុំ​ស្នា​អ​ន្សា ស្រុក​គ្រគរ ខេត្តពោធិ៍សាត់ នៅ​ល្ងាច​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៥​នាក់ ។ លោក​បន្តថា ហើយ​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ហ្នឹង​មាន លោក សុទ្ធ តារា ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ក្រគរ ក៏បាន​ស្លាប់​ដែរ គឺ​ក្នុងពេលដែល​កំពុង​រៀប​ចំ​បញ្ជូន​គាត់​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត និង​ជនរងគ្រោះ ៤​នាក់​ទៀត (​ស្រី​៣​នាក់​) ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្ដង​។
​លោក​អភិបាលស្រុក​ក្រគរ លោក ប៊ិន វណ្ណា បានបញ្ជាក់​ផងដែរ​ថា នៅ​កន្លែងកើតហេតុ មាន​អ្នករងរបួស​ជាច្រើន​នាក់​ផ្សេងទៀត ដែល​សុទ្ធតែ​សាច់ញាតិ​របស់លោក សុទ្ធ តារា ដែរ ឥឡូវនេះ សមត្ថកិច្ច​គ្រប់​ស្ថាប័ន​កំពុង​ជួយសង្គ្រោះ​បញ្ជូនទៅ​មន្ទីរពេទ្យ​។​
​តាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នេះ បានឱ្យដឹងថា មុន​កើតហេតុ​ឃើញ​រថយន្តក្រុង​នឹង​រថយន្ត​លោក​ក្រុមប្រឹក្សា​ស្រុក សុទ្ធ តារា បើកបរ​ដោយ​បញ្ច្រាស់ទិស​គ្នា ស្រាប់តែ​មក​បុក​គ្នា​ពេញទំហឹង​តែម្ដង ហើយ​ឃើញ​រថយន្ត​របស់​លោកក្រុ​ម​ប្រឹក្សា​បាន​រេ​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​ជាប់​ផ្លូវ​ទៅបុក​នឹង​បង្គោល​ភ្លើង​មួយ​សារ​ទៀត ចំណែកឯ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​បាន​រេ​ចង្កូត​ធ្លាក់​ក្បាល​ចូល​ប្រឡាយ តែ​កន្ទុយ​រថយន្ត​នៅ​គង​លើផ្លូវ ។​
​ក្រោយ​ពេលដែល​កើតហេតុ​ភ្លាមៗ មាន​បងប្អូន​ប្រជាពលរដ្ឋ​មកជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ខ្លះទៀត​រាយការណ៍​ទៅ​សមត្ថកិច្ច មួយសន្ទុះ​ក្រោយមក​ឃើញ​សមត្ថកិច្ច​ជំនាញ​មកដល់​កន្លែងកើតហេតុ​តែម្ដង​។​
​មន្ត្រី​សមត្ថកិច្ច នៅ​កន្លែងកើតហេតុ មិនទាន់បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំងអស់​នៅឡើយ​ទេ ដោយគ្រាន់តែ​ប្រាប់ថា កំពុង​រៀ​បចំ​ឯកសារ​ដើម្បី​បន្ត​នីតិវិធី​ដោះស្រាយ​ដល់​ភាគី​ទាំងពីរ និង​សម្រាប់​ជនរងគ្រោះ​៕ សុផល​