ក្រសួងពាណិជ្ជកម្ម កំណត់​តម្លៃ​លក់​ប្រេងឥន្ធនៈ សម្រាប់​១០​ថ្ងៃ​ដើមខែ​មករា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញ​តារាង​កំណត់​តម្លៃ​លក់​ប្រេងសាំង សម្រាប់​ស្ថា​នី​យ៌​ប្រេង​នៅ​ទូទាំងប្រទេស​កម្ពុជា សម្រាប់​រយៈពេល​១០​ថ្ងៃ ក្នុង​ដើមខែ​មករា​នេះ យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២​ខែមករា​នេះ បានកំណត់​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថា​នី​យ៌​លក់​ប្រេង​នីមួយៗ​ក្នុងប្រទេស​កម្ពុជា សម្រាប់​រយៈពេល​១០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២​ដល់​ថ្ងៃ​១១ ខែមករា​។
​ក្នុងនោះ​ប្រេងសាំង​ធម្មតា ត្រូវបាន​កំណត់​តម្លៃ​លក់​មិន​អោយលើស ៣៩០០​រៀល​ក្នុង​មួយ​លីត្រ​! និង​ប្រេងម៉ាស៊ូត ត្រូវ​លក់​មិនអោយ​លើស​តម្លៃ​៣៦៥០​រៀល​ក្នុង​១​លីត្រ​។ ចំណែក តម្លៃ​លក់រាយ​ប្រេងសាំង​ស៊ុប​ពែរ ដែល​មិន​ត្រូវបាន​គណនា​កំណត់​តម្លៃ​លក់រាយ ក្នុង​តារាង​កំណត់​របស់​ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ បាន​ឡើងដល់ ៤១៥០​រៀល ក្នុង​មួយ​លីត្រ នៅតាម​ស្ថា​នី​យ៌​លក់​ប្រេងឥន្ធនៈ​ធំៗ​។ ការកំណត់​តម្លៃ​លក់​ប្រេងឥន្ធនៈ មិន​ឲ្យ​លើសពី​តម្លៃ​ក្នុង​តារាង​កំណត់ សម្រាប់​រយៈពេល​១០​ថ្ងៃ​ម្តងនេះ គឺ​ផ្អែកទៅលើ​ការសម្រួល​រូបមន្ត​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​កម្ពុជា​របស់​អន្តរក្រសួង ចំនួន​បី គឺ​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច​និង​ហិ​រញ្ញា​វត្ថុ និង​ក្រសួង​ធនធាន​រ៉ែ​និង​ថាមពល ។​
​គួរ​កត់សំគាល់ថា តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា បាន​កើន​ថ្លៃ​ជា​បន្តបន្ទាប់ បើ​ធៀប​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧ តម្លៃ​ប្រេងសាំង​ធម្មតា មានតម្លៃ​ប្រមាណ​៣៧០០​ក្នុង​លីត្រ​! ប្រេងម៉ាស៊ូត​តម្លៃ​ប្រមាណ​៣៤០០​រៀល​ក្នុង​មួយ​លីត្រ ! និង ប្រេងសាំង​ស៊ុប​ពែរ មានតម្លៃ​ប្រមាណ​៣៩០០​រៀល​ក្នុង​មួយ​លីត្រ​។
​ការកើនឡើង​តម្លៃ​ប្រេង​លក់រាយ​នៅ​កម្ពុជា​នេះ ក៏​ស្រប​ពេលដែល​ប្រេង​ឆៅ​សម្រាប់ ការផ្គត់ផ្គង់​របស់​អា​មេ​រិ​ក និង​អា​រ៉ា​ប៊ី​សា​អូឌីត បាន​កើនឡើង​លើស ៦០ ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​តម្លៃ​នេះ ត្រូវបាន​ចាត់ទុកថា ជាការ​កើនឡើង​ខ្ពស់បំផុត​ក្នុង​រយៈពេល​២ មកនេះ ក្នុង​ទីផ្សារ​ប្រេង​ពិភពលោក​៕