អាស៊ាន ៖ នៅអាស៊ី ឥណ្ឌាជាប្រទេសទី២ បន្ទាប់ពីប្រទេសចិនដែលមានចំនួនប្រជាជនច្រើនជាងគេ និងកំពុងលូតលាស់ខ្លាំងនាំអោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ានបានចាប់អារម្មណ៍ខ្លាំងក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីនាំមកនូវការអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មតាមរយៈការរៀបចំអោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្ម ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ«រវាងអាស៊ាន និងឥណ្ឌា។
បើតាមការបញ្ជាក់របស់លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអោយដឹងថា សមាជិកអាស៊ានចំនួន៨ប្រទេសមានកិច្ចព្រមព្រៀងនេះរួចហើយជាមួយឥណ្ឌា លើកលែងតែកម្ពុជា និងឥណ្ឌូនេស៊ីទេ ដែលពុំទាន់មានកិច្ចព្រមព្រៀងនេះ។ ដូច្នេះនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាពាញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបន្ទាន់មួយដើម្បីពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។
លោក ឈាង វុន បានបញ្ជាក់បន្ថែមថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា នាពេលបច្ចុប្បន្ននេះនៅមានកម្រិតនៅឡើយ ដែលធ្វើអោយយើងត្រូវពង្រីកបន្ថែមទៀតជាមួយ ឥណ្ឌាទាំងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា ទាំងក្នុងក្របខ័ណ្ឌនៃ កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌា៕
រាជរដ្ឋាភិបាលស្នើសភាអនុម័តលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មជាមួយអាស៊ាន និងឥណ្ឌា