លោក​ហ៊ុន សែន​៖ បញ្ហា​ខ្សាច់​គឺ​ទុកឱ្យ​ក្រសួង​រ៉ែ ​និង​ថាមពលទទួល ខុសត្រូវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2015 ក+ ក-

​ភ្នំពេញ​៖ លោកនាយក​រដ្ឋមន្ដ្រី​កម្ពុជា ហ៊ុន សែន លើកឡើងថា បញ្ហា​ខ្សាច់​គឺ​ទុកឱ្យ​ក្រសួង​រ៉ែ និង​ថាមពល​ជា​អ្នកទទួលខុសត្រូវ​ទាំងអស់ ដោយ​មិនចាំបាច់​មាន​គណៈកម្មកា​រ​អ្វី​ច្រើន​ទេ ។​

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បានលើកឡើង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា នៅ​ត្រើយ​ខាងកើត​ទន្លេ និង សណ្ឋាគារ រ៉េស៊ីដង់​សុខា ក្នុង​ខណ្ឌ​ជ្រោ​ចង្វា ដែល​ចំណាយ​ថវិកា​២២.១៤២.៣៤៨ ដុល្លារ​អាមេរិក នា​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៥​។​

​លោក ហ៊ុន សែន បន្តថា « កន្លងទៅ​បញ្ហា​ខ្សាច់​នេះ ស្មុគស្មាញ​ណាស់ សួរ​ទៅ​រដ្ឋមន្ដ្រីក្រសួង រ៉ែ និង​ថាមពល​ឆ្លើយថា រដ្ឋមន្ដ្រី​ធនធាន ទឹក​និង​ឧតុនិយម​, សួរ​ទៅ​រដ្ឋមន្ដ្រីក្រសួង ធនធានទឹក​ថា ខាង​រដ្ឋមន្ដ្រីក្រសួង​រ៉ែ និង​ថាមពល​ជា​អ្នកចេញ​អាជ្ញាប័ណ្ណ​, សួរ​ទៅ ខេត្ដ​, ខេត្ដ​ថា​រដ្ឋមន្ដ្រី​…​ដូច្នេះ​តើ​អ្នកណា​ពិតប្រាកដ ? បើ​ដូច្នេះ​នាយករដ្ឋមន្ដ្រី សម្រេច​ដាក់ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល​ទទួលខុសត្រូវ​ទាំងអស់​អំពី​បញ្ហា​ខ្សាច់ ។​

​គួរ​ជម្រាប​ថា ករណី​បាក់​ច្រាំងទន្លេ​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​បានកើត​ឡើងជា​ញឹកញាប់​ក្នុង​ត៉​បន់​ដែល​គេ​ដាក់​គ្រឿងចក្រ​បូម​ខ្សាច់ ដែល​មិន​ត្រឹម​តែមាន​ផលប៉ះពាល់​បរិស្ថាន​ធម្មជាតិ​ប៉ុណ្ណោះ​ទេ តែ​វា​បាន​បង្ក​ឲ្យ​ពលរដ្ឋ​បានជា​ច្រើន​គ្រួ​សារបាន​រងគ្រោះ​រងទុក្ខវេទនា​ដោយសារ​ការបាក់​ច្រាំងទន្លេ​រលំ​ផ្ទះ​ដែល​បណ្តាលមកពី​ការ​បូម​ដោយ​បំពាន​លើ​បទដ្ឋាន​បច្ចេកទេស ព្រោះតែ​មានការ​ស៊ុមគ្រលំ​ពី​មន្ត្រី​ជំនាញ​ខិលខូច ៕