កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី៩ ខែមករា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​នៅ​ថ្ងៃទី​៤ ខែមករា​នេះ​ថា វិ​សម្ពាធ​ដែល​កើតឡើង​នៅ​ហ្វីលីពីន បាន​វិ​វត្ត​ខ្លួន​ទៅជា​កូន​ព្យុះ​ទី​១ ប្រចាំឆ្នាំ​២០១៨ ឈ្មោះ បូ​ឡា​វិ​ន (BOLAVEN)​។
​កូន​ព្យុះ​នេះ កំពុងស្ថិត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​ឥទ្ធិពល​របស់​វា​មួយផ្នែក នឹងធ្វើ​ដំណើរ​ទៅរក​ឆ្នេរ​ប្រទេស​វៀតណាម​ភាគ​កណ្តាល និង​មួយផ្នែក​ទៀត នឹងធ្វើ​ដំណើរ​មក​តំបន់​ដីសណ្តរ​ទន្លេមេគង្គ​។ លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​កម្ពុជា ទទួល​ឥទ្ធិពល​ខ្សោយ​ពី​កូន​ព្យុះ​នេះ​តែ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅតាម​តំបន់​មួយចំនួន​នៅ​ទូទាំង​កម្ពុជា​។​
១. ចាប់ពី​ថ្ងៃទី ៥-៦​មករា ផ្ទៃមេឃ​មាន​ពពក​ច្រើន មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ពិសេស​នៅ​តំបន់​មាត់សមុទ្រ និង​តំបន់​ទំនាប​កណ្តាល (​ភ្លៀង​ពេល​ថ្ងៃ​)​។​
២. ចាប់ពី​ថ្ងៃទី ៧-៩ ខែមករា ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​មធ្យម ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស (​ភ្លៀង​ពេលយប់​)៕