សម្តេច ស ខេង អញ្ជើញ​ជា​អធិបតីក្នុងពិធី​រំលឹក​ខួប​ទិវា​ជ័យជំនះ​៧​មករា​លើក​ទី​៣៩ នៅខេត្តបាត់ដំបង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2018 ក+ ក-

​បាត់ដំបង : នៅ​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៨ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​មិ​ទ្ទិញ​អបអរសាទរ​រំលឹក​ខួប​លើក​ទី​៣៩​នៃ​ទិវា​ជ័យជំនះ​៧​មករា នៅមុខ​បរិវេណ​សាលាខេត្ត​បាត់ដំបង​។ ពិធី​នេះ​បានរៀបចំ​ដោយ​រដ្ឋបាល​ខេត្តបាត់ដំបង និង​មានការ​ចូលរួម​ពី សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា​សមាជិក​រាជរដ្ឋាភិបាល ប្រតិភូ​អមដំណើរ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អគ្គ​កុងស៊ុល​វៀតណាម កងកម្លាំង លោកគ្រូ អ្នកគ្រូ សិស្ស​និស្សិត ប្រជាពលរដ្ឋ​បាន​ចូលរួម​ជាច្រើន​នាក់​។​

​បន្ទាប់ពី​អំ​ណាន​របាយការណ៍​និង​សុន្ទរកថា​ស្វាគមន៍​របស់​អភិបាលខេត្ត លោក ងួន រតន​: ក្នុង​អង្គពិធី​រួចមក សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​មានប្រសាសន៍​ទៅកាន់​អង្គពិធី ដោយបាន​រំលឹក​ពី​ការឈឺចាប់​ជាមួយនឹង​ការកាប់សម្លាប់​ក្នុង​របប​ប៉ុល ពត ប្រល័យពូជសាសន៍​ជាតិ​ឯង​នា​អំឡុង​រយ​:​ពេល ៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ ។​

​សម្តេច​បាន​បន្តថា ទិវា​ជ័យជំនះ​៧​មករា​លើក​ទី​៣៩​នេះ គឺជា​ទិវា​របស់​ជាតិ​ទាំងមូល មិនមែនជា​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ម្នាក់ឯង​នោះទេ ទោះជា​ពេលនោះ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​រំដោះ​ប្រទេសជាតិ ប្រជាជន​កម្ពុជា​ឲ្យ​បាន​រួច​ផុតពី​ការកាប់សម្លាប់​ជនជាតិខ្មែរ​ក៏ដោយ​។​

​សម្តេច​បាន​បញ្ជាក់ថា យើងទាំងអស់គ្នា​ត្រូវ​ចងចាំ​ជានិច្ច​និង​រក្សា​ទិវា​៧​មករា​នេះ​ឲ្យ​នៅ​ជា​អមត​:​តទៅ តែមាន​ជន​អគតិ​មួយចំនួន​បាន​បំភ្លេច​មិន​ទទួលស្គាល់​និង​ចង់​បំផ្លាញចោល​ភស្តុ​រាង​ថែម​ទៀតផង​។

​ក្នុង​របប​ប្រល័យពូជសាសន៍​នេះ​បាន​បិទ​សិទ្ធ​គ្រប់បែបយ៉ាង​ចំពោះ​ប្រជាជន​កម្ពុជា ផ្ទុយ​ពី​សម័យ​បច្ចុប្បន្ន ដែល​ប្រជាជនមាន​សិទ្ធ​គ្រប់បែបយ៉ាង ទាំង​សិទ្ធិ​រស់រានមានជីវិត និង មាន​គ្រប់​សាសនា ពិសេស​យើង​បានចាត់ទុក​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​ផងដែរ ៕ ប៉ែន សុ ផល​