ក្រុម​មេធាវី​គ្រោង​ដាក់​សំណើសុំ​ដោះលែង​លោក កឹម សុខា នៅក្រៅ​ឃុំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2018 ក+ ក-

​ភ្នំពេញ​៖ ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា គ្រោង​ដាក់សំណើ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រស់នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។

​លោក សំ សុ​គង់ មេធាវី​មួយរូប​របស់លោក កឹម សុខា ប្រាប់​អ្នកការ​សែត​ថា ក្រុម​មេធាវី ពិភាក្សាគ្នា​ម្តងទៀត​ទាក់ទង​នឹង​ការរៀបចំ​សំណើសុំ​នៅក្រៅ​ឃុំ ដើម្បី​សម្រេច​ជា​ផ្លូវការ​នឹងដាក់​សំណើ​នេះ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​សូមជម្រាបថា លោក កឹម សុខា បន្ទាប់ពី​ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នា​ខេត្ត​ត្បូងឃ្មុំ កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃ​៣ ខែកញ្ញា ឆ្នាំ​២0១៧ រួចមក ក្រុម​មេធាវី​បានដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ និង​ឈានដល់​តុលាការ​កំពូល ដើម្បី​សុំ​ជំទាស់ ប៉ុន្តែ​បរាជ័យ​ក្នុង​ការតវ៉ា ស្នើសុំ​។​

​ទោះជាយ៉ាងណាក្តី ​បច្ចុប្បន្ន សំណុំរឿង​របស់លោក កឹម សុខា កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការ​ស៊ើបសួរ​។ កន្លងមក លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទៅ​ជួប​លោក កឹម សុខា ដល់​ពន្ធនាគារ​ចំនួន​បី​លើក​រួចមកហើយ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ តុលាការ​មិនទាន់​ប្រកាស​ជា ផ្លូវការ​នៅឡើយ​ទេ​៕