សហគមន៍​ទេសចរណ៍សម្រស់​ធម្មជាតិ​ទន្លេមេគង្គ «​កោះ​ខេ​» អំពាវនាវ​សុំ​​ការគាំទ្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2018 ក+ ក-

ស្ទឹងត្រែង ៖ ​សហគមន៍​ទេសចរណ៍ សម្រស់​ធម្មជាតិ​ទន្លេមេគង្គ «​កោះ​ខេ​» សុំឱ្យ​ស្លា​ប័ន​ពាក់ព័ន្ធ ផ្តល់​ការគាំទ្រ និង​លើក​ចិត្ត​ពួកគាត់ ដើម្បី​បន្ត​អភិរក្ស អភិវឌ្ឍ​តំបន់​ទេសចរណ៍​មួយ​នេះ​ឱ្យបាន​កាន់តែ​ល្អ​

​ប្រជា​សហគមន៍​ទេសចរណ៍ សម្រស់​ធម្មជាតិ ទន្លេមេគង្គ កោះ​ខេ ឬ ចំការ​ខេ ដែលមាន​ភូមិសាស្ត្រ​ស្ថិតនៅ​កណ្ដាល​ទន្លេមេគង្គ ក្នុងភូមិ​ខេ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​ដល់ ស្ថាប័ន​ពាក់ព័ន្ធ មានដូចជា មន្ទីរ​ទេសចរណ៍ ក្រសួងទេសចរណ៍ មន្ទីរ​បរិស្ថាន ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ក្នុង​ខេត្ត សុំ​ជួយ​គាំទ្រ ជា​បច្ចេកទេស បទពិសោធន៍ និង​ការណែនាំ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ប្រជា​សហគមន៍ ក្នុង​ការបន្ត​និរន្តរភាព​អភិរក្ស និង​ទាក់ទាញ​ទេសចរ ឱ្យមក​កំសាន្ត​តំបន់​នោះ បាន​កាន់តែច្រើន​និង​ល្អប្រសើរ​ថែមទៀត នៅក្នុង​រដូវ​ប្រាំ​នេះ​។​

ប្រធាន​សហគមន៍​អភិរក្ស តំបន់​ទេសចរណ៍ សម្រស់​ធម្មជាតិ ទន្លេមេគង្គ លោក ហ្វ​យ ប៊ុន​វី បានឱ្យដឹងថា តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​មួយ ទើបតែ​បង្កើត​នៅក្នុង​អំឡុង​ខែមករា​ឆ្នាំ​២០១៧​កន្លងទៅនេះ ដោយ​ប្រជាជន​ក្នុង​មូលដ្ឋានចំនួន​២២​គ្រួសារ​។ ក្នុង​ឆ្នាំ​កន្លងទៅ​តំបន់​ទេសចរណ៍​មួយ​នេះ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​បាន​យ៉ាងច្រើន ជាពិសេស ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​បុណ្យជាតិ​នានា ដែល​មាននៅ​ចន្លោះ​ពី​ខែ មករា ដល់​ខែឧសភា ពោលគឺ​នៅក្នុង​រដូវប្រាំង​តែម្តង​។ សហគមន៍​អភិរក្ស​តំបន់​កោះ​ខេ អាច​ចាត់ទុកថា ជា​ជំហាន​ជោគជ័យ នៃ​ការចាប់ផ្ដើម​បង្កើត​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​មួយ​នេះ​។​

រមណីយដ្ឋាន​ធម្មជាតិ​កោះ​ខេ ភ្ញៀវ​ទេចរ​អាចធ្វើ​ដំណើរ​ទៅ​កំសាន្ត តាមរយៈ រថយន្ត ឬ ម៉ូតូ ពី​ទី​រួម​ខេត្តស្ទឹងត្រែង ឆ្លងស្ពាន​សេកុង តាមផ្លូវ​ជាតិ​លេខ​៧​អា ប្រមាណ​ជា​២០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត ទៅដល់​ចំណុច សង្កាត់​សាមគ្គី មាន​ផ្លូវបត់​ឆ្វេង ចូលទៅ​កាន់​ដង​ទន្លេមេគង្គ ក្នុងភូមិ​ខេ​។ នៅ​តំបន់​នោះ មាន​ទីប្រជុំ​កោះ​តូចៗ​ជាច្រើន នៅ​កណ្ដាល​ទន្លេមេគង្គ ចម្ងាយ​ប្រមាណ​ជាង​២​គីឡូម៉ែត្រ ពី​ច្រាំងទន្លេ​ខាងកើត​។ ភ្ញៀវទេសចរ​អាច​ឆ្លងទៅ​កាន់​កោះ​នោះ តាមរយៈ​មធ្យោបាយ កាណូត ឬ​ទូក​ដឹកជញ្ជូន​របស់​សហគម​ន៍​។​

លោក​ប្រធាន​សហគមន៍​បាន​បញ្ជាក់ថា តំបន់​រមណីយដ្ឋាន​មួយ​នេះ មាន​សក្ដានុពល​ទាក់ទាញ​អ្នកទេសចរ​យ៉ាង​ល្អប្រសើរ ក្នុងនោះ ភ្ញៀវ​អាច​កំសាន្ត​ឆ្នេរ​ខ្សាច់​តូចៗ ដែលមាន​ពន្លឺ​ប្លេ​កៗ ដូច​កំរាល​មាស អាច​គយគន់​ទេសភាព​ធម្មជាតិ និង​ហ្វូងបក្សី​ជាច្រើន​ប្រភេទ ដែលជា​ផ្នែក​មួយ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជា​សហគមន៍​នៅ​តំបន់​នេះ​។
​សហគមន៍​ទេសចរណ៍ធម្មជាតិ​កោះ​ខេ បានទទួល​ការអនុញ្ញាតិ​ពី មន្ទីរ​ទេសចរណ៍​ខេត្ត និង​បាន​អប់រំ ផ្សព្វផ្សាយ​សហគមន៍ ឲ្យ​យល់ដឹង​ពី​ការគ្រប់គ្រង​អនាម័យ និង​សេវាកម្ម ដើម្បី​លើ​កម្ពស់​សេវាកម្ម​ទេសចរណ៍​ឲ្យ​កាន់តែ​ប្រសើរ​។ ក្រៅពីនេះ​សហគមន៍ ក៏មាន​សម្ភារៈ​សង្គ្រោះ មាន​ប្រជា​ការពារ ដែលមាន​កិច្ចសហការ ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច ក្នុងការ​ការពារ សន្តិសុខ សុវត្ថិភាព ជូន​ភ្ញៀវទេសចរ​បាន​យ៉ាង​ល្អ​។ ប៉ុន្តែ​បើទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​សហគមន៍​មួយ​នេះ នៅមាន​បញ្ហា​ប្រឈម​ជាច្រើន ដែល​ទាមទារ​ឱ្យមាន​ការគាំទ្រ ឱ្យបាន​ខ្លាំងក្លា ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​។​

លោក ហ្វ​យ ប៊ុន​វី ក៏បាន​បញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​បាន​បង្កើតជា​សហគមន៍​រួចមក សហគមន៍​មួយ​នេះ ហាក់ដូចជា​ពុំមាន​ការយកចិត្តទុកដាក់ ពី​ស្ថាប័ន​ជំនាញ​ណាមួយ ផ្តល់​កិច្ច​គាំទ្រ និង​លើកទឹកចិត្ត​នោះឡើយ ពោលគឺ​មានតែ​សមាជិក​សហគមន៍​ប្រមាណ​ជា​២២​គ្រួសារ​ប៉ុណ្ណោះ ដែល​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​។
​លោក​បន្តថា សហគមន៍​គ្រោង​នឹង​រៀប​ផែនការអភិវឌ្ឍន៍​បន្ថែ​ម​ទៀត នូវ​សេវា​ដឹកជញ្ជូន​រួមជាមួយ​សេវា​រក្សា​សុវត្ថិភាព ជូន​អ្នកទេសចរ ដើម្បី​ធានា​សុខ​សុវត្ថិភាព ជូន​ទេសចរ ដែល​មកលេង​នៅ​តំបន់​នោះ​។ សម្រាប់​ឆ្នាំ​២០១៨​នេះ សហគមន៍​បាន​បើកទ្វារ​ទទួលភ្ញៀវ​ទេសច​រ​រដូវ​កាល​ថ្មី ឱ្យ​មកលេង​កំសាន្ត ចាប់​ពីថ្ងៃ​បុណ្យជាតិ​៧​មករា តទៅ​។​

​សូមបញ្ជាក់ថា នៅ​តំបន់​រមណីយដ្ឋាន​សម្រស់​ធម្មជាតិ​ទន្លេមេគង្គ អ្នកទេសចរ​អាច មុជទឹក​លេង​កំសាន្ត​ឆ្នេរ​ខ្សាច់ ទស្សនា​រុក្ខជាតិ​ដុះ​ចេញពី​ផ្ទៃ​ទឹក​ដ៏​ស្រស់ស្អាត និង​សម្រាក​ពិសា​ម្ហូបអាហារ​លើផ្ទះ​ទឹក ជា​លក្ខណៈ​ជួបជុំ​គ្រួសារ មិត្ត​ភ័ក្ដិ អមដោយ​ខ្យល់​បរិសុទ្ធ​នៅ​កណ្ដាល​ទន្លេមេគង្គ ដែលជា​សម្រស់​ធម្មជាតិ​ពិតៗ​។ សហគមន៍​ទេសចរណ៍ សម្រស់​ធម្មជាតិ ទន្លេមេគង្គ កោះ​ខេ ឬ ចំការ​ខេ​នេះ អាច​ទទួល​ភ្ញៀវទេសច​រ​មកលេង​កំសាន្ត​បានតែ​ក្នុង​រដូវប្រាំង​តែប៉ុណ្ណោះ ពោលគឺ​ចាប់ពី​ខែមករា រហូតដល់​ខែឧសភា ឬ ខែមិថុនា តែប៉ុណ្ណោះ​។ ចំណែក​រដូវវស្សា​គឺ​ទឹក​ជ្រៅ ហូរ​ខ្លាំង មិនអាច​មកលេង​កំសាន្ត​បានឡើយ​៕