រដ្ឋបាល​គយ​ជប៉ុន​គ្រោង​ផ្តល់​នាវា​ល្បាត​ពីរ​គ្រឿង​ដល់​គយ​កម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2018

​ភ្នំពេញ ៖ រដ្ឋបាល​គយ​ជប៉ុន​គ្រោង​នឹង​ផ្តល់​នាវា​ល្បាត​ពីរ​គ្រឿង​ជូន​រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា នៅក្នុង​កំឡុង​ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខនេះ រួម​និង​ការផ្តល់​គម្រោង​ជំនួយ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផងដែរ ដែល​ដំណឹង​ស្តីពី​ការ​ផ្តល់ជំនួយ​នេះ​ត្រូវ​បានលើកឡើង​ក្នុងជំនួប​ពិភាក្សា​រវាង​លោក​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ជាមួយ​លោក លី​ហ្ស៊ុ​យ​កា អា​សឺ​ហ៊ី អគ្គនាយក​នៃ​រដ្ឋបាល​គយ​ជប៉ុន នា​ទីស្តីការក្រសួង​កាលពី រសៀល​ថ្ងៃទី​៩ មករា​។​
​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​លើ គ្រប់​វិស័យ​ក្នុង​ការជួយ​ស្តារ កសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជាពិសេស​ការ​ផ្តល់ជំនួយ​បច្ចេក​
​ទេស​ក្នុងការ​អនុវត្ត​កម្មវិធី​កំណែទម្រង់ និង​ទំនើបកម្ម​របស់​រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៨៩​មក​។ ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ការផ្តល់​នាវា​ល្បាត​ពីរ​គ្រឿង​របស់​រដ្ឋបាល​គយ​ជប៉ុន​ជូន​រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា រួម​នឹង​ការផ្តល់​ជំនួយ​លើ​គម្រោង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​ជប៉ុន​ផងដែរ ដែលជា​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គយ​ដែល​បាន និង​កំពុង​ប្រើប្រាស់​ដោយ​រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា និង​ធុរជន​អស់​រយៈពេល​ជិត ១០​ឆ្នាំ ។ លោក​ថា ការផ្លាស់ប្តូរ​ប្រព័ន្ធ​នេះ​គឺជា​របត់​មួយ​សំខាន់​ដែល​តម្រូវ​ឲ្យ​មានការ​ពិនិត្យ វាយតម្លៃ​ឲ្យ​បាន​ម៉ត់ចត់ និង​ច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ​។ លើសពីនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ក៏បាន​ស្នើ​ព​ន្លឿ​ន​ការរៀបចំ​សេចក្តីព្រាង​អនុស្សរណៈ​យោគយល់​គ្នា​រវាង​រដ្ឋបាល​គយ​ទាំងពីរ ដើម្បី​ពង្រឹង និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋបាល​គយ​នៃ​ប្រទេស​ទាំងពីរ ។​
​អគ្គនាយក​រដ្ឋបាល​គ​យ​ជប៉ុន​លោក លី​ហ្ស៊ុ​យ​កា អា​សឺ​ហ៊ី បាន​ជម្រាបជូន​លោក អូន ព័ន្ធមុនីរ័ត្ន ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​គណៈប្រតិភូ​គយ​ជប៉ុន​ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ​គយ​មួយចំនួន​ក្នុង​គោលបំណង ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ និង​មាន​ប្រសិទ្ធភាព​រវាង​រដ្ឋបាល​គ​យ ទាំងពីរ​ផងដែរ​៕