ជំនួប​ទ្វេភាគី​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា ​វៀតណាម មុនពេល​ប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង នៅ​ភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2018 ក+ ក-

​ភ្នំពេញ ៖ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី និង​ទទួលទាន​អាហារ​ការងារ ពេល​ថ្ងៃត្រង់ នៅ​វិមាន​សន្តិភាព ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​សហប្រធាន​កិច្ចប្រជុំ​កំពូល ស្តីពី​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ នៅ​ថ្ងៃទី​១០ ខែមករា នេះ គឺ​នៅមុន​ពិធី​បើក​កិច្ចប្រជុំ​កំពូល​នេះ​ចាប់ផ្តើម លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បានបង្ហាញ​ពី​សុ​ទិ​ដ្ឋ​និយម​ចំពោះ​ប្រទេស​កម្ពុជា​ថា ក្នុងនាម​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​មេគង្គ ឡាន​ឆាង លើក​ទី​២​នេះ កម្ពុជា​នឹង ទទួលបាន​លទ្ធផល ប្រកបដោយ​ភាព​ត្រចះត្រចង់​បំផុត​។ មិនតែប៉ុណ្ណោះ នឹង​រួមចំណែក​លើកស្ទួយ​កិត្តិយស និង​កិត្យានុភាព​របស់​ប្រទេស​កម្ពុជា កាន់តែ​ខ្ពស់​ថែមទៀត ទាំង​នៅក្នុង​តំបន់​និង​អន្តរជាតិ​។ បើតាម​ការ​ថ្លែង​បញ្ជាក់​របស់ លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ក្រោយពី​ជំនួប​នេះ ក៏បាន​ឲ្យ​ដឹង​ដែ​ថា ឯកឧត្តម នាយករដ្ឋមន្ត្រី​វៀតណាម បាន​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់ និង អបអរសាទរ​យ៉ាងខ្លាំង ចំពោះ​ប្រទេស​កម្ពុជា ដែល​បានទទួល​នូវ​កំណើនសេដ្ឋកិច្ច សង្គម​យ៉ាង​ល្អប្រសើរ ពិសេស​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ យ៉ាង​ពេញលេញ​។ ចំពោះ​កំណើនសេដ្ឋកិច្ច របស់​ប្រទេស​ទាំងពីរ​កម្ពុជា វៀតណាម លោក ង្វៀន សួន​ហ្វ៊ុ​ក បាន​កត់សំគាល់ថា គឺមាន​ការកើនឡើងរ​ហូត​ដល់ ៣​ពាន់​៨០០​លាន​ដុល្លា​អាមេរិក នៅក្នុង​ឆ្នាំ​២០១៧ បើ​ប្រៀបធៀប ទៅនឹង​ឆ្នាំ​កន្លងទៅ មានការ​កើនឡើង​២៥% ក្នុងនោះ វៀតណាម​បាន​នាំ​ទំនិញ​កសិផល​កម្ពុជា ចូលទៅ​កាន់​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​២០១៧ មាន​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​។
សម្តេច​តេ​ជោ ចាត់ទុកថា ការចូលរួម​របស់​នា​យក​រដ្ឋមន្ត្រី​វៀតណាម នឹងចូលរួម​ចំណែក​ដ​ល់​ការពង្រឹង​និង​ពង្រីក កិ​ច្វ​សហប្រតិបត្តិការ​រវាង​ប្រទេស​ជា​សមាជិក​នៃ​កិច្ចប្រជុំ​នេះ​កាន់តែខ្លាំង​ឡើង​ថែមទៀត ជាពិសេស​នឹងធ្វើ​ឲ្យ​សន្និសីទ​នេះ ទទួលបាន​នូវ​ភាពជោគជ័យ​ជាមិនខាន​៕