នាយករដ្ឋមន្ត្រី​ចិន ៖ ស្ពាន និង​ផ្លូវ​ដែល​ចិន​កសាង​នៅ​កម្ពុជា ជា​ស្ពាន​មិត្តភាព​រវាង​ប្រជាជន​ចិន និង​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2018 ក+ ក-

​ភ្នំពេញ ៖ ដូច​ទៅនឹង​ការគ្រោងទុក កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ នឹងត្រូវ​ចាប់ផ្តើម​នា​រសៀល​ថ្ងៃទី​១០ ខែមករា​នេះ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ដែល​នឹងមាន​វត្តមាន​ចូលរួម​ពី​បណ្តា​មេដឹកនាំ​ប្រទេស​ជា​សមាជិក​ទាំង​៦ គឺ​ចិន ថៃ ឡាវ កម្ពុជា វៀតណាម និង​មី​យ៉ាន​ម៉ា​។

​នៅ​មុនពេល​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ​ចាប់ផ្តើម​ប្រារព្វ​ធ្វើ​ក្នុងប្រទេស​កម្ពុជា លោក លី ខឺ​ឈាំ​ង នាយករដ្ឋមន្ត្រី​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បានបញ្ជាក់​បន្ថែម​អំពី​អត្ថន័យ និង​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ស្ថិតក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​៩ ខែមករា ដោយបាន​ដាក់​ចំណងជើង​ថា សង់ស្ពាន​និង​ក្រាលផ្លូវ​ដើម្បី​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​និង​ចំណង​មេត្រីភាព​ចិន​និង​កម្ពុជា​។

​នៅក្នុង​ខ្លឹមសារ​នោះ លោក លី ខឺ​ឈាំ​ង ចាត់ទុកថា ស្ពាន​និង​ផ្លូវថ្នល់ ដែល​ប្រទេស​ចិន​បាន​ជួយ​កសាង​ច្រើន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ស្ពាន​មិត្តភាព​រវាង​ប្រជាជន​ចិន​និង​កម្ពុជា​។ ឯ​ផ្លូវ​ដែល​ល្អ​បំផុត​ជាការ​ពិតណាស់​គឺ​ផ្លូវ​រួមគ្នា​អភិវឌ្ឍ​រវាង ប្រទេស​ចិន និង​កម្ពុជា​។ បន្ថែម​ពីនេះ ចំពោះ​ការមកដល់​ប្រទេស​កម្ពុជា​នាពេលនេះ លោក លី ខឺ​ឈាំ​ង បាន​បញ្ជាក់ថា គឺ​ក្នុង​គោលបំណង​ដើម្បី​បន្ត​សាងសង់​ស្ពាន និង​ក្រាលផ្លូវ​បែបនេះ តទៅទៀត​។ លោក លី ខឺ​ឈាំ​ង ក៏បាន​លើកឡើង​ដែរ​ថា ស្ថិតក្នុង​ខួប​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ផ្លូវ​ទូត​រវាង​ប្រទេស​ចិន​និង​កម្ពុជា ក្នុង​ឆ្នាំ​២០១៨​នេះ ប្រជាជន និង​ប្រទេស​ចិន មើលឃើញថា កម្ពុជា​គឺជា​ប្រទេសមួយ​ដែល​ញ៉ាំង​ឲ្យ​ប្រទេស​ទាំងពីរ​មាន​ភាព ស្និទ្ធស្នាល​ជា​អនេក ។

​សូមបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ លើកដំបូង​កាលពី​ឆ្នាំ ២០១៦ បានដាក់​ចេញ​នូវ​គម្រោង​ដំណាក់កាល​ដំបូង​ចំនួន ៤៥ ដែល​ពេលនេះ​គម្រោង​ទាំងនេះ​កំពុងដំណើរការ​ទៅតាម​ផែនការ ក្នុង​ហិរញ្ញប្បទាន​ពិសេស​នៃ​កិច្ចសហការ​ផ្នែក​សមត្ថភាព​ផលិត​ដែលមាន​តម្លៃ​៥០០០ លាន​ដុល្លារ​អាមេរិក​។

មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​គ្រោង​នឹង​ផ្តល់​ការគាំទ្រ​លើ​គម្រោង​ចំនួន ១៣២ ដែល​លើកឡើង​ដោយ​ប្រទេស​ទាំង ៦ ដើម្បី​បង្កើតជា​ល្បឿន​ឡាន​ឆាង​-​មេគង្គ​ដែលមាន​ភាព​វិ​វ​ឌ្ឍ​រីកចម្រើន ជា​រៀងរាល់ថ្ងៃ រាល់​ខែ និង រៀងរាល់ឆ្នាំ ។ ចំណែក ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ នៅក្នុង​ប្រទេស​កម្ពុជា​ពេលនេះ រំពឹងទុក​ថា​នឹង​អនុម័ត​ឯកសារ​សំខាន់​ចំនួន​៤ ដូចជា ៖

១-​សេចក្ដីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​នៃ​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២ ២-​ផែនការ​សកម្មភាព​៥​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ២០១៨-២០២២ ៣-​បញ្ជី​រួម​នៃ​គម្រោង​កិច្ចសហប្រតិបត្តិការ​ដំណាក់កាល​ទី​២ ៤-​របាយការណ៍​នៃ​ក្រុមការងារ​រួម​តាម​វិស័យ​អាទិភាព​ទាំង​៦ ៕