ជនរងគ្រោះ​ទាមទារ​យុត្តិធម៌ ពេល​ចៅក្រម​មិន​ឃុំខ្លួន​ថៅកែ​លក់​សំបក​កង់​រថយន្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 January, 2018 ក+ ក-

​ភ្នំពេញ ៖ រហូតមកទល់​ពេលនេះ​ជនរងគ្រោះ​នៅតែ​ទាមទារ​យុត្តិធម៌​ក្រោយ​ពេលដែល​លោក​ម៉េង​តូ​នី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅ សម្រេច​មិន​ឃុំខ្លួន​ជនបង្ក ហើយ​ជនរងគ្រោះ​គ្មាន​ទទួលបាន​សំណង​សូម្បី​មួយ​រៀល ។​
​ការសម្រេច​មិន​ឃុំខ្លួន​នេះ បន្ទាប់ពី​ជន​ត្រូវ​ចោទ ឡា​ច សុផល ហៅ លឹម ប៉េង​ហ៊ុយ ជា​ថៅកែ​ហាង​លក់​សំបក​កង់​រថយន្ត​ដាក់​ប្រាក់​តម្កល់​មួយចំនួន​ខណៈ​ជនរងគ្រោះ​ពុំទាន់​ទទួលបាន​សំណង​រដ្ឋប្បវេណី​សូម្បី​មួយ​រៀល​។​
​មន្ត្រី​តុលាការ​ថ្លែងថា ជនសង្ស័យ​ឈ្មោះ ឡា​ច សុផល ហៅ លឹម ប៉េង​ហ៊ុយ អាយុ​៦៩​ឆ្នាំ ត្រូវបាន​លោក សឿន​មុនី​រ័ត្ន​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ​“​ហិង្សា​ដោយ​ចេតនា​”​តាម​មាត្រា​២១៧​នៃ​ក្រមព្រហ្មទណ្ឌ​។​
​នគរបាល​បញ្ជាក់​ថាជ​ន​សង្ស័យ​ឈ្មោះ ឡា​ច សុផល ហៅ​ហ៊ុយ​ភេទ​ប្រុស​អាយុ​៦៩​ឆ្នាំ ជា​អ្នកលក់​សំបក​កង់ រថយន្ត​ស្នាក់​នៅផ្ទះ​លេខ​១៩៦E0E1​ផ្លូវ​១៨២​ក្រុមទី​២៤​ភូមិ​៦​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ។​

​ប្រភពព័ត៌មាន បញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៧​ជនរងគ្រោះ​ឈ្មោះ​គឹម​ប៊ុនឡុង​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​មុខរបរ​និស្សិត បាន​ឡើង​លើផ្ទះ​របស់ខ្លួន​ជាន់​ទី​១​ទៅ​មើល​ខ្សែភ្លើង​ដែល ជនសង្ស័យ​ឈ្មោះ​ឡា​ច​សុផល ហៅ ហ៊ុយ បាន​ត​ពី​ពេល ថ្ងៃ​កាត់​មុខផ្ទះ​របស់ខ្លួន ។​
​ពេលនោះ​ជនរងគ្រោះ​បាន​យក​ទូរស័ព្ទដៃ​មក​ថត​ខ្សែភ្លើង​ដែល​ទើបនឹង​ត​នោះ​រួច​ចុះមក​ខាងក្រោម​វិញ​តាម​ណ្តើ​រ​រួមគ្នា​ដល់​ពាក់កណ្តាល​ស្រាប់តែ​ឈ្មោះ ឡា​ច ដា​រី ត្រូវជា​កូនស្រី​របស់​ជនសង្ស័យ​ឈ្មោះ ឡា​ច សុផល ហៅ ហ៊ុយ មានទំនាស់​ពាក្យសម្តី ជាមួយ​ជនរងគ្រោះ​ឈ្មោះ គឹម​ប៊ុនឡុង​រឿង​ត​ខ្សែភ្លើង​កាត់មុខ​ផ្ទះ​របស់​ដោយ​មិនបាន​សុំ​ខ្លួន ។​
​ប្រភព​បន្តថា ស្រាប់​តែមួយ​គ្រួសារ​មាន​គ្នា​៤​នាក់​ព្រួត​វាយ​ជនរងគ្រោះ​គឹម​ប៊ុនឡុង​បណ្តាលឱ្យ​របួសធ្ងន់​តែម្តង ។ ក្រោយមក សមត្ថកិច្ច​មកឃាត់​ខ្លួន​ជនសង្ស័យ ឡា​ច សុផល​តែម្តង ៕