បណ្ដឹង​សារទុក្ខ​របស់​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី បញ្ជូន​ដល់​តុលាការ​កំពូល​រួចហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2018 ក+ ក-

​ភ្នំពេញ ៖ តុលាការ​កំពូល ទទួល​បណ្ដឹងសាទុក្ខរ​បស់​មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី រួចហើយ​នៅក្នុង​សប្ដាហ៍​នេះ​។ លោក កែវ វ៉ាន់​នី មេធាវី​ការពារ​ក្តី​ឱ្យ​លោក អ៊ួ​ន ឈិន និង​លោក យាង សុធា​រិន្ទ (​យាង សុជា​មេត្តា​) ធ្លាប់បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែមករា​ថា លោក​នឹងដាក់​ពាក្យ​ការពារ​ក្ដី​ក្នុង​សំណុំ​រឿងក្ដី​នេះ​នៅ​តុលាការ​កំពូល​នៅពេល​ខាងមុខ ព្រមទាំង​ដាក់​សា​រណា​ការពារ​កូនក្ដី​ទាំងពីរ​របស់លោក​ផងដែរ​។​
​ ​សូមជម្រាបថា កាលពី​ថ្ងៃទី​៤ ខែមករា លោក កែវ វ៉ាន់​នី បានដាក់​ពាក្យ​ប្ដឹង​សាទុក្ខ​នឹង​សាល ដីកា​សាលាឧទ្ធរណ៍​ដោយ​សំណូមពរ​ឱ្យ​តុលាការ​កំពូល សម្រេច​ទាត់ចោល​សាលដីកា​សាលា ឧទ្ធរណ៍ និង​សម្រេច​ដោះលែង​កូនក្ដី​ទាំងពីរ​របស់លោក​ឱ្យមាន​សេរីភាព​ឡើងវិញ​។ លោក​មេធាវី​បញ្ជាក់ថា មូលហេតុ​ដែល​លោក​ប្ដឹង​សាទុក្ខ​នេះ ដោយសារតែ​សេចក្ដីសម្រេច​របស់​សាលាឧទ្ធរណ៍​ផ្ដល់​ភាពអយុត្តិធម៌​បំផុត​សម្រាប់​កូនក្ដី​ទាំងពីរ​របស់លោក ដែល​លោក​មិនអាច​ទទួលយក​បានឡើយ​។
​ ​សូម​រំឭកថា អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី ត្រូវបាន​តំណាង​អយ្យការ​អម​សាលា ដំបូង រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ​លួច​ផលិត​ព័ត៌មាន​បញ្ជូនមក​រដ្ឋ​ធានី​វ៉ា​ស៊ីន​តុ​ន តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ​។ អ្នក​ទាំងពីរ​អាច​ប្រឈមមុខ​ជាប់ពន្ធនាគារ​ពី ៧ ទៅ ១៥​ឆ្នាំ​។ អ្នក​ទាំង ពីរ​ត្រូវបាន​ចៅក្រម​តុលាការ​ក្រុងភ្នំពេញ សម្រេច​ឃុំខ្លួន​កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ​២០១៧៕