ផល​នេសាទ​បង្កង​ក្នុង​ខេត្តតាកែវ ទទួលបាន​ជាង​៨៤​តោន ក្នុង​ឆ្នាំ​២០១៧
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2018 ក+ ក-

​តាកែវ ៖ ទិន្នផល​នេសាទ​បង្កង​ក្នុង​ខេត្តតាកែវ ទទួលបាន​ជាង​៨៤​តោន ក្នុង​ឆ្នាំ​២០១៧ ខណៈដែល​ទិន្នផល​នេសាទ​សរុប​ក្នុង​ខេត្ត​នេះ មាន​ជា​៣​ម៉ឺន​៤​ពាន់​តោន​។
​ក្នុង​ឆ្នាំ​២០១៧ ខេត្តតាកែវ បាន​ប្រមូល​ទិន្នផល​នេសាទ​សរុប ជាង ៣​ម៉ឺន​៤​ពាន់​៨៨៦​តោន បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦ គឺ​កើនឡើង​ប្រមាណ​១២,៨%​។ ក្នុងចំណោម​ផល​នេសាទ​សរុប​នេះ ការនេសាទ​បង្កង បាន​ទទួលផល​ប្រមាណ​៨៤​តោន ដែល​ទិន្នផល​នេះ​បានមកពី​ការនេសាទ​ជា​លក្ខណៈ​គ្រួសារ បាន​ជាង​១​ម៉ឺន​៥​ពាន់​៣​រយ​តោន​! ការនេសាទ​ក្នុង​វាលស្រែ ទទួលបាន​ជាង​១​ម៉ឺន ៤៤០​តោន​។ បើតាម​ការបញ្ជាក់​ពី ប្រធាន​មន្ទីរ​កសិកម្ម ខេត្តតាកែវ លោក ញ៉ឹ​ប ស្រ៊ន បាន​ឲ្យ​ដឹងថា ចំនួន​នេះ​គឺ​គិតតែ​ក្នុង​រដូវវស្សា​កន្លងមក​ប៉ុណ្ណោះ​។ ចំពោះ កំណើន​ទិន្នផល​នេសាទ​នេះ ប្រធាន​មន្ទីរ​កសិកម្ម ខេត្តតាកែវ បាន​បញ្ជាក់ថា គឺ​ដោយសារ អំណោយ​ទឹកភ្លៀង​ធ្លាក់​រាយប៉ាយ​ល្អ នៅ​រដូវវស្សា​ឆ្នាំ​២០១៧ គួបផ្សំ​ជាមួយ បច្ចេកទេស​នេសាទ និង​ការចិញ្ចឹម​បន្ថែម តាមរយៈ​ការពង្រីក​ការ​ភ្ញាស់ និង​ការចិញ្ចឹម ត្រី បង្កង សម្រាប់​ការអភិរក្ស ផងដែរ ។ ប្រធាន​មន្ទីរ​កសិកម្ម ខេត្តតាកែវ ក៏បាន​បញ្ជាក់​បន្ថែមថា ទឹកទន្លេ​មេគង្គ​ក្រោម ឡើងមក​រហ័ស ធ្វើអោយ​កំពស់​ទឹកទន្លេ​ជ្រៅ​រយៈពេល​យូរ​ខែ ក៏​ជា​កត្តា​ល្អ​នាំ​ឲ្យ​សត្វ​រស់នៅក្នុង​ទឹក​អាច​បង្កាត់​ពូជ​បាន​ច្រើន​នៅក្នុង​រដូវវស្សា​ឆ្នាំ​២០១៧​ដែរ​។ បើតាម​ប្រជាជន​ដែល​កំពុង​ប្រកបរ​ចិញ្ចឹម​ត្រី បង្កា ក្នុង​ខេត្តតាកែវ បានអោយដឹងថា ដើម្បី​បង្កើត​កន្លែង​ចិញ្ចឹម​នេះ​តាមបែប​វារីវប្បកម្ម ជា​លក្ខណៈ​កសិដ្ឋាន គឺ​ត្រូវ​ត្រៀម​ថវិកា​យ៉ាងតិច ពី​២​ទៅ​៣​ម៉ឺន​ដុល្លារ​។ ប៉ុន្តែ​បើ​ចិញ្ចឹម ជា​លក្ខណៈ​គ្រួសារ តាមបែប​ប្រពលវប្បកម្ម​ធម្មជាតិ គឺ​ចំណាយ​ដើមទុន ប្រមាណ ១​ពាន់ ទៅ​២​ពាន់​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ការជីក​ស្រះ និង​ទិញ​កូន​ត្រី​មក​ចិញ្ចឹម​។ សូមបញ្ជាក់ថា បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល បានសម្រេច​កាត់​ឡូ​ត៏​នេសាទ ពី​ការគ្រប់គ្រង​ដោយ​រដ្ឋ ប្រគល់​ឲ្យ​សហគមន៍​មូលដ្ឋាន​គ្រប់គ្រង​វិញ​មក រដ្ឋបាល​ជលផល​ខេត្តតាកែវ​បាន​បង្កើតជា​សហគមន៍​នេសាទ​ចំនួន​១៨ និង​សហគមន៍​ជម្រក​ត្រី​ចំនួន​៦៤ ដើម្បី​ថែរក្សា​ពូជ​ត្រី​សម្រាប់​រដូវ​នេសាទ ជា​បន្តបន្ទាប់​។ ចំណែក​វារីវប្បកម្ម​នៅ​ទូទាំង​ខេត្តតាកែវ មាន​ស្ថានីយ៍​ភ្ញាស់​កូន​ត្រី ចំនួន​២២​ទីតាំង ដែល​ចែកចាយ​លក់​កូន​ត្រី បាន​ចំនួន​ជាង​២១​លាន​កូន​ត្រី នៅក្នុង​ឆ្នាំ​២០១៧៕