អគ្គនាយក​ធនាគារ​នីហរ័ណ អាហរ័ណ​ចិន ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុងជំនួប​ដាច់ដោយឡែក​ពីគ្នា ដែល​ធ្វើឡើង​នៅ​ភូមិគ្រឹះ រសៀល​ថ្ងៃទី​១២​មករា លោក លាវ លៀន​កឺ (Liu Liange) អគ្គនាយក ធនាគារ​នីហរ័ណ អាហរ័ណ​ចិន (Exim Bank of China) មានប្រសាសន៍​ជំរាបជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជា ណា​ចក្រ​កម្ពុជា ពី​ការកោតសរសើរ​ចំពោះ​កំណើន សេដ្ឋកិច្ច សង្គម និង​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង ឆាប់រហ័ស របស់​ប្រទេស​កម្ពុជា ដែល​កំពុងតែ​មានការ​រីកចម្រើន ពី មួយថ្ងៃ​ទៅមួយថ្ងៃ ក្នុងន័យនេះ គឺជា​កត្តា​ជំរុញ​លើកទឹកចិត្ត​ដល់ ធនាគារ​នីហរ័ណ​អាហរ័ណ​ចិន មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ក្នុងការ​ចូលរួម​បណ្តាក់​វិនិយោគ ក្នុងប្រទេស​កម្ពុជា​។ លោក លាវ លៀន​កឺ មានប្រសាសន៍​បន្តថា កន្លងមក​ធនាគារ​នីហរ័ណ​អាហរ័ណ​ចិន បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា លើ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ប្រព័ន្ធ​ធា​រាស្ត្រ​ជាដើម ដោយឡែក​នៅពេលនេះ វត្តមាន​ធនាគារ លោក ក្នុងប្រទេស​កម្ពុជា គឺ​ដើម្បី​សុំ​អនុសាសន៍​ពីស​ម្តេច​តេ​ជោ នៅ​អ្វីដែល​ធនាគារ​របស់លោក អាច​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ ប្រទេស​កម្ពុជា បន្ថែមទៀត​។
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​ចិន គឺមាន​ភាព ល្អ​បំផុត​នៅពេលនេះ ហើយ​កម្ពុ​ជាមាន​ទស្ស​នះ​វិស័យ​ពិតប្រាកដ​ក្នុងការ​អភិវឌ្ឍ អ្វីដែល​ធនាគារ នីហរ័ណ​អាហរ័ណ​ចិន បាន​ជួយ​នាពេល​កន្លងមក គឺ​សុទ្ធសឹងតែ​ជា​គម្រោង​អាទិភាព ទាំងអស់ របស់ កម្ពុជា ក្នុងន័យនេះ​សម្តេច បាន​គូស​បញ្ជាក់ដែរថា កម្ពុជា​បានដាក់​គម្រោង​ទៅកាន់​ភាគី​ចិន សម្រាប់​ឆ្នាំ​២០១៨​រួចហើយ ក្នុងនោះ​គម្រោង​អាទិភាព​មួយទៀត គឺ​គម្រោង​ខ្សែក្រវ៉ាត់​ទី​២ របស់ រាជធានី​ភ្នំពេញ​។ តាមរយះ​គម្រោង​អាទិភាព​នេះ សម្តេច​បានស្នើ​សុំ​ឲ្យ​ធនាគារ​នីហរ័ណ អាហរ័ណ ចិន ពិនិត្យ​ក្នុង​ជំរុញ​គម្រោង​ជា​អាទិភាព​នេះ​ឲ្យ​បានចេញ​ជា​រូបរាង​ពិតប្រាកដ​។
​ដោយឡែក លោក លាវ ឈី​ថាវ (Liu Qi Tao) ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Communication Contruction មានប្រសាសន៍​ក្នុងជំនួប​ដាច់ដោយឡែក​ពីគ្នា​នោះដែរ​ថា រូបលោក​ធ្លាប់បាន​មកកាន់​ប្រទេស​កម្ពុជា​កាលពី​១០​ឆ្នាំមុន ហើយ​នៅពេលនេះ​រូបលោក បាន​ទៅ ដំណើរ​ទៅកាន់​តំបន់​ជាច្រើន ក្នុងប្រទេស​កម្ពុ​ជារួម​ទាំង​ខេត្ត​ព្រះសីហនុ​ផងដែរ​។ លោក​ប្រធាន មានប្រសាសន៍​ជំរាបជូន​សម្តេច​តេ​ជោ​ដែរ​ថា រូបលោក​បាន​ពិនិត្យឃើញ​ពី​ការរីកចម្រើន ដែល​មិន នឹក ស្មាន​បាន ហើយ​នៅ​ព​លេ​នេះ​ទៀតសោត កិច្ចព្រមព្រៀង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ ក៏បាន​ចុះហត្ថលេខា​ហើយ​រួច​ដែរ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម លី ខឺ​ឈាង មកកាន់​ប្រទេស​កម្ពុជា​កាលពី​ម្សិលមិញ​។ នៅ​ចំពោះមុខ​សម្តេច​តេ​ជោ លោក លាវ ឈី​ថាវ មាន ប្រសាសន៍ថា ក្នុងនាម​ជា​ភាគី​ប្រតិបត្តិ ក្រុមហ៊ុន​លោក​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា ស្ថាបនា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ​ឲ្យ​បានល្អ​និង​ឲ្យ​ក្លាយជា​ផ្លូវ គំរូ​សម្រាប់ ជា​ឧ​ត្ត​ម​ប្រយោជន៍ របស់​ប្រទេស និង​ប្រជាជន​កម្ពុជា​។
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា នេះ​ជា​ផ្លូវ​មួយ​ដែលមាន​សា​រះ​សំខាន់​ខ្លាំង ណាស់ សម្រាប់ កម្ពុជា ក្នុង​ជំរុញ​កំណើនសេដ្ឋកិច្ច ពិសេស​រវាង​ប៉ូល​សេដ្ឋកិច្ច​ភ្នំពេញ ព្រះសីហនុ ក្នុងន័យនេះ​សម្តេច​បានស្នើ​ឲ្យ​ក្រុមហ៊ុន​ជំរុញ​ធ្វើយ៉ាងណា​ស្ថាបនា​ឲ្យ​បានចេញ​ជា​រូបរាង​ពិតប្រាកដ​៕​