ក្រឡាប់​ឡាន​យី​ឌុប​របស់​ឧកញ៉ា ជ័យ ​ចេញ​ឈើ័​ប្រណីត ​នៅឃុំ​ពីរ​ធ្នូ ស្រុក​ស្នួល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 January, 2018 ក+ ក-

​ខេត្តក្រចេះ ៖ រថយន្ត​យី​ឌុប​ខ្នាត​យក្ស​មួយគ្រឿង ដែល​គេ​ស្គាល់​ថា ជា​របស់លោក​ឧក​ញ៉​ជ័យ មាន​ផ្ទុក​ឈើ​អារ​លេខ​១ រាប់រយ​កំណាត់​បាន​ក្រឡាប់​ធ្លាយ​ចេញ​ឈើ​រាយប៉ាយ​ពេញ​ផ្លូវ កាលពី​យប់​ទៀបភ្លឺ​ថ្ងៃទី​១៣​ខែមករា នៅក្បែរ​ព្រំដែន​វៀតណាម នៅក្នុង​ភូមិ​ត្រពាំង​ស្រែ ឃុំ​ពីរ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ និង​មិនមាន​រំខាន​ដល់​សមត្ថកិច្ច​នោះទេ ។​​

ជាមួយនឹង​ហេតុ​ការ​ក្រឡាប់​រថយន្ត​យី​ឌុប​ខ្នាត​យក្ស​ដឹកឈើ របស់លោក​ឧកញ៉ា​ជ័យ នេះ គឺ​មិន​បង្ក​ឱ្យ​អ្នកបើកបរ ក៏ដូចជា​ព្រូ​រថយន្ត រងរបួស​នោះទេ ហើយ​ករណី​ក្រឡាប់​រថយន្ត​ដឹកឈើ នេះ ត្រូវបាន​គេ​សន្និដ្ឋានថា​គឺ​បណ្តាលមកពី​ផ្ទុក​លើស​ចំណុះ​។​

​ក្រោយពី​ជួប​ហេតុ​ការ​ក្រឡាប់​ភ្លាមៗ​ត្រូវបាន​ក្រុមកម្មករ​ជាច្រើន​នាក់​បាននាំគ្នា​លើក​ស្ទូច​ឈើ​ផ្ទេរ​កំណាត់ឈើ​ជាច្រើន​រយ​កំណាត់​ពី​រថយន្ត​យី​ឌុប​មួយគ្រឿង​នោះ ទៅ​ដាក់​រថយន្ត​មួយ​ផ្សេងទៀត យ៉ាង​ប្រ​ញ៉ាប់​ប្រញាល់​បានបញ្ចប់​រួចរាល់ និង​ក៏បាន​បន្ត​ដឹក​នាំចូល​ទៅកាន់​ប្រទេស​វៀតណាម តាម ច្រកព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ​បាន​ដោយ​សុវត្ថិភាព ។​

​សេចក្តីរាយការណ៍​បានឱ្យដឹងថា រថយន្ត​ដឹកឈើ​ដែល​កំពុងតែ​សម្រុក​ការដឹក​ជ​ញ្ចូ​ន​ឈើ​ពេញ ៗ​ទ្រុង និង​ឃ្លុមបេ​ឈើ​បិទ​ជិត គឺ​គេ​ដឹងថា បាន​ដឹក​ចេញពី​ទឹកដី​នៃ​ខេត្តស្ទឹងត្រែង តាមផ្លូវ​ជាតិ​លេខ ៧ ឆ្ពោះ​ចូលទៅ​ប្រទេស​វៀតណាម ហើយ​ការដឹកជញ្ជូន​នោះ​គឺ​គេ​សង្ស័យថា គ្មាន​ច្បាប់ ទម្លាប់​ត្រឹមត្រូវ សំរាប់​នាំចេញ​ទៅ​ក្រៅប្រទេស​នោះទេ ។​

​ជាមួយនឹង​ការដឹកជញ្ជូន​ឈើ ទៅ​លក់​នៅ​ប្រទេស​វៀតណាម ពី​សំណាក់​លោក​ឧ​ញ៉ា​ជ័យ ត្រូវ បាន​សមត្ថកិច្ច​នៅក្នុង​ស្រុក​ស្នួល​និយាយថា ការដឹកជញ្ជូន​ឈើ​នេះ​គឺធ្វើឡើង​ទាំងយប់​ថ្ងៃ​មាន ពេល ខ្លះ​រថយន្ត​នោះ​ខូច ឬ​ក្រឡាប់​ចេញ​ឈើ​រាយប៉ាយ នៅលើ​ដងផ្លូវ​យ៉ាងណាក៏ដោយ ក៏​មិន​រំខាន​ដល់ ការដឹកជញ្ជូន​ឈើ របស់លោក​ឧកញ៉ា​រូបនេះ​ដែរ ។

​ជុំវិញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់លោក​ឧកញ៉ា ជ័យ ដែល​គេ​សង្ស័យថា បាន​ប្រើ​រូបភាព​កន្ទេល​ធំ​បន្លំ​ដេក​នេះ មិនអាច​រក​ប្រភព​ទាក់ទង សុំ​ការបំភ្លឺ​បាន​លោក​ឧកញ៉ា​បាន​នៅឡើយ​ទេ ។​ដោយឡែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល បានឱ្យដឹងថា ឡាន​ដែល​ក្រឡាប់​នៅក្បែរ​ព្រំដែន​វៀតណាម​នេះ ជា​ឡាន​របស់លោក​ឧកញ៉ា​ជ័យ និង​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​សំរាប់​នាំ​ចេញទៅ ក្រៅប្រទេស ៕