ឆេះ​ផ្ទះមួយ​ខ្នង​នៅ​ជា​ន់ទី​៤ ក្មេង​តូច​២​នាក់​រលាក​ពេញ​ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 January, 2018 ក+ ក-

​ភ្នំពេញ ៖ ក្មេងប្រុស​តូច​២​នាក់ បាន​រងរបួស​រលាក​ពេញ​ខ្លួន ខណៈដែល​ភ្លើង​កំពុង​ឆេះ​ផ្ទះ តែ​សំណាងល្អ​ត្រូវបាន​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ចុះទៅ​ជួយ​ធ្វើ​អន្តរ​គម​ន៍​ភ្លាមៗ​រំដោះ​ក្មេង​តូច​នោះ​អោយ​រួច​ផុតពី​អណ្តាតភ្លើង ។​

ហេតុការណ៍​អគ្គិភ័យ​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ ២៧​អឺ​៤​ហ្សិត ផ្លូវ​លេខ​១៩ ភូមិ​១០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។​

​ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​នោះ ឈ្មោះ ផាន់ សារ៉េត នៅ​ចំណុច​ផ្ទះ​លេខ ២៧​អឺ​៤​ហ្សិត ផ្លូវ​លេខ​១៩ ភូមិ​១០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ មាន​ទំហំ ៤ គុណ ៨​ម៉ែត្រ ជញ្ជាំង​ថ្ម ដំបូល​ប្រ៉​ក់ស​ង្ក័​សី​។​

​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍​អគ្គីភ័យ​នេះ ពុំ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ទេ ប៉ុន្តែ​បាន​បណ្តាល​ឲ្យ​ក្មេង​ចំនួន ០២​នាក់ រងរបួស​ធ្ងន់ ត្រូវបាន រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ។ ហើយ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​សាលាខណ្ឌ​ដូនពេញ​៣​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របា​កោះ​ពេជ្រ​២​គ្រឿង​បាន​បាញ់​ពន្លត់​អស់ទាំង​៥​គ្រឿង​ទើប​រលត់​ជា​ស្ថាពរ​។​

​សមត្ថកិច្ច​ជំនាញ និង​អជ្ញាធរ​ប្រើ​រយៈពេល​ជាង​៤៥​នាទី​ទើប​អាចជួយ​ពន្លត់​អគ្គិភ័យ​នេះ​កុំឱ្យ​រាលដាល​ទៅផ្ទះ​អ្នកជិតខាង​។ ទំហំ​នៃ​ការខូចខាត​គឺ​ផ្ទះ​នោះ​ត្រូវ​ភ្លើង​ឆេះ​ស្ទើរ​ទាំងស្រុង​។ មូលហេតុ​នៃ​ការបង្ក​អោយមាន​អគ្គិភ័យ​នេះ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕ បក្សី​ចាំ​ក្រុង​