មេ​ឈ្មួញ​រហស្សនាម ណាក់​ក្បាល​ធំ បន្ត​រកស៊ី​ឈើ​ខុសច្បាប់​ឆ្លងខេត្ត​យ៉ាងសកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 January, 2018 ក+ ក-

​រត​នះ​គី​រី ៖ មន្ត្រី​ប៉េអឹម​មួយរូប​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ កំពុង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​ខេត្តរតនគិរី ឆ្លងទៅ​ប្រទេស​វៀតណាម ប៉ុន្តែ​សមត្ថកិច្ច​ជាច្រើន​ផ្នែក​ក្នុង​ខេត្ត​នេះ ត្រូវបាន​គេ​ចោទប្រកាន់ថា បានទទួល​សំណូក ហើយ​បើកដៃ​ឱ្យ ណាក់​ក្បាល​ធំ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​។​

​ប្រភពព័ត៌មាន​ពី​សកម្មជន​ព្រៃឈើ បានឱ្យដឹងថា បច្ចុប្បន្ននេះ មាន​រថយន្ត សាំ​យ៉ុង​ជា ច្រើន​គ្រឿង ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​ដឹកឈើ​ចេញពី ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​មួយ នៅ​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន សៀក​ក្រុង បាន​លុង​ដែលជា​ឃ្លាំង​របស់​មេ​ឈ្មួញ​ម្នាក់​ដែលមាន​រហស្សនាម​ថា ណាក់​ក្បាល​ធំ​។​

​ប្រភព​ដដែល បាន​ឲ្យ​ដឹងថា ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ បាន​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ ស្ទើរ​រាល់​យប់​ថ្ងៃ ចេញពី​តំបន់​ព្រៃ សហគមន៍​ស្រុក​កូន​មុំ ស្រុក​វ៉ើ​ន​សៃ យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង នៅ​សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង ហើយ​បន្ត​ដឹក ជញ្ជូន​ចេញទៅ លក់​ឱ្យ​ឈ្មួញ​វៀតណាម យ៉ាង​រលូន គ្មាន​សមត្ថកិច្ច​ណាប​ង្ក្រា​នោះឡើយ​។​

ប្រភព​ក៏បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​វៀតណាម​សហការ​ជាមួយ ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ រត់ការ​បង់លុយ​ឲ្យ​សមត្ថកិច្ច​សំខាន់ និង​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​ជាច្រើន​ស្ថាប័ន ហេតុនេះហើយ ទើប​មេ​ឈ្មួញ​រូបនេះ អាចធ្វើ​សកម្ម ភាព​ដឹកជញ្ជូន ឈើ​យ៉ាង​ស្រួល​។​

​ប្រភព​ស្និទ​នឹង​ឈ្មួញ​ឈើ​ម្នាក់ បាន​បង្ហើប​ឱ្យដឹងថា មួយរយៈ​ពេល កន្លងទៅនេះ ឈ្មួញ​ឈើ ឈ្មោះ​ណាប់​វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ បាន​បង្កើន​សកម្មភាព ដឹកជញ្ជូន​ឈើ​ចេញ ទៅ​វៀតណាម​ដោយ គ្មាន​ញញើត អ្វី​ទាំងអស់ ព្រោះ គ្មាន​សមត្ថកិច្ច ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។​

​ប្រភព​បាន​ឲ្យ ដឹង​ទៀតថា ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ ដែល​គេ​ដឹងថា មាន​តួនាទី​ជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី និង​ជា​កូនចៅ​ជំនិត​របស់លោក គឹម រស្មី មេបញ្ជាការ​កង រាជ​អាវុធហត្ថ​ខេត្តរតនគិរី ផង​នោះ ទើប​គេ​ហ៊ាន​ធ្វើ​អ្វីៗ ស្រេច​តែ​អំពើ​ចិត្ត​។​

​ប្រភព​បន្តថា ឈើ​ដែល ណាក់​ក្បាល​ធំ ប្រមូល​ដឹ​ត​ចេញ​ភាគច្រើន ចេញពី​ស្រុក​អូរ​ជុំ ស្រុក​កូន​មុំ ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី និង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដែល​តំបន់​ទាំងនោះ​កំពុង​ប្រឈម​នឹង​ការបំផ្លាញ យ៉ាង​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​។​

​ឈ្មួញ​មួយចំនួន​នៅក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ឈ្មោះ ណាប់ វណ្ណៈ ហៅ ណាក់​ក្បាល​ធំ មាន​ខ្នងបង្អែក យ៉ាងរឹងមាំ ហើយ​អាច​រកស៊ី ដឹកជញ្ជូន​ឈើ ខ្លាំងក្លា​ជាងគេ ក្នុងចំណោម ឈ្មួញ​ធំៗ​ជាច្រើន​នាក់ ទៀត​នៅក្នុង​ខេត្តរតនគិរី ដែលមាន មេការ​ឈ្មោះ សាល និង ឈ្មោះ ធា ជា​អ្នក​រត់ការ​មើលផ្លូវ ផងដែរ ។ ពេលខ្លះ​ឈ្មោះ ណាក់​ក្បាល​ធំ បាន​ប្រមូល​ទិញ ឈើ​ពី​ឈ្មួញ​ដែល ដឹក​តាមរ ថយ​ន្ត សាំ​យ៉ុង​ពី ស្រុក​សៀម ប៉ាង យកមក​លក់​នៅ​ចំណុច ទន្លេស្រែពក ស្រុក​កូន​មុំ ដោយ​ឈ្មួញ​តូចៗ​ខ្លះ​ដឹកជញ្ជូន​ឈើ​តាម​ផ្លូវទឹក យកមក​គរ​ទុក​នៅ ចំណុច​កំពង់ចម្លង​ស៊ី​នឿន​ចាស់ ហើយ​មាន​រថយន្ត យី​ឌុប​ធំៗ​ទៅ​ប្រមូល ដឹកជញ្ជូន​បន្ត​។

​ប្រភព​បាន​ឲ្យ ដឹង​ទៀតថា​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ នេះ​មាន​លាក់ទុក​ឈើ នៅ​ចំណុច​ភូមិ កាឡា​ន់​ញ៉ៃ ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ និង​ដឹក​ចេញពី​តំបន់ អភិរក្ស​ស្រុក លំផាត់ ចេញ​តាមផ្លូវ លំ​ក្រាល​ក្រួស​ក្រហម ចូលទៅ​ផ្លូវជាតិ លេខ​៨ ហើយ​ចេញទៅ​វៀតណាម​តាម​ច្រក​អូរ​យ៉ា​ដាវ យ៉ាង​រំភើយ​។​

​លោក ណាប់ វណ្ណៈ រួម​និង​មន្ត្រី​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ អ្នកយកព័ត៌មាន​មិនទាន់​អាច​សុំ​ការពន្យល់ ដើម្បី​ឆ្លើយតប​នឹង​ការរិះគន់​ដូចខាងលើ​នេះ បាន​នៅឡើយ​ទេ​៕