ជនជាតិ​អាឡឺម៉ង់​ម្នាក់​ធ្លាក់​ពីលើផ្ទះ​ជាន់​ទី​៣​ស្លាប់​នៅ​ជិត​ផ្សារកណ្តាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2018

​ភ្នំពេញ ៖ មាន​ហេតុការណ៍​បាន​កើតឡើង​ដោយមាន ជនជាតិ​អាឡឺម៉ង់​វ័យក្មេង​មួយរូប បាន​លោត​ពីលើផ្ទះ​ជាន់​៣ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​បង្កអោយមាន​ការណ៍​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៦​និង​៣០​នាទី ព្រឹក​ព្រលឹម ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្ទះ​លេខ ២៨ អឺ​ហ្សេ​រូ ភូមិ​៤ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​សព​ជនរងគ្រោះ​ដែល​បាន​លោត​ស​ម្លា​ប៉​ខ្លួន​នោះ​ស្គាល់​ថា​មានឈ្មោះ KURFE SEFFAN ភេទ​ប្រុស អាយុ​២៥ ឆ្នាំ ជនជាតិ អាឡឺម៉ង់ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

​សាក្សី​ពី​ពលរដ្ឋ​ក្បែរ​ខាង​បាន​និយាយថា ជនរងគ្រោះ​បាន​ផឹកស្រា​អស់​ច្រើន ដោយ​ប៉ង​សម្លាប់ខ្លួន​កាលពី​ម្សិល​ម្តង​រួចមកហើយ ប៉ុន្តែ​ត្រូវបាន​អ្នកជិតខាង​ឃាត់​ទាន់​ហើយក៏​បាន​ស្ងាត់​ទៅវិញ រហូតមកដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់តែ​ឃើញ​សព​ជនរងគ្រោះ​ដែល​គេ​ស​ន្និ​ថ្ឋា​ន​ថា​លោត​ពីលើផ្ទះ​ស្លាប់​បាត់ទៅហើយ​តែ​ពុំ​បានឃើញ​ផ្ទាល់ ភ្នែក​នោះទេ មូលហេតុ​ដើមចម​នៃ​ការធ្វើអត្តឃាត​នេះ នៅ​មិនទាន់​ដឹង​នៅឡើយ ។​

​ក្រោយពី​សមត្ថកិច្ច​បាន​ធ្ចើ​កោសល្យ​វិ​ច្ឆ័​យ​រួច សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា សព​ខាងលើនេះ​ពិតជា​បាន​លោត​សម្លាប់ខ្លួន ហើយ​សព​ត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ស្ថានទូត​ដើម្បី​យក​សព​ទៅ​ប្រទេស​កំណើត​វិញ​៕ បក្សី​ចាំ​ក្រុង​