សំណង់​សតវត្ស​ទី 17 នៅ​ឥណ្ឌូនេស៊ី ត្រូវបាន​ភ្លើង​ឆាបឆេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2018 ក+ ក-

​អគ្គីភ័យ​បាន​បំផ្លាញ​សំណង់​សម័យ​អាណានិគម ហុ​ល្លង់ ដែល​សាងសង់​ក្នុង​សតវត្ស​ទី 17 នៅ​ភាគ​ខាងជើង​ទីក្រុង Jakarta ប្រទេស ឥណ្ឌូនេស៊ី ក្នុងនោះ​មាន​សារមន្ទីរ​មួយកន្លែង ក្នុង​សង្កាត់​ភាគ​ខាងជើង​ទីក្រុង ។​

​សារព័ត៌មាន​ក្នុងស្រុក​ផ្សាយ​ឲ្យ​ឃើញ​សកម្មភាព​របស់​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ ព្យាយាម​ពន្លត់ភ្លើង​ដែល​កំពុង​ឆាបឆេះ​សន្ធោរ​សន្ធៅ ក្នុងនោះ​មាន​អគារ​រៀង​ត្រីកោណ ដោយ​ភាគច្រើន​នៃ​សំណង់​ទាំងនោះ​ត្រូវបាន​បំផ្លាញ ប៉ុន្តែ​នៅ​មិនទាន់មាន​សេចក្ដីរាយការណ៍​អំពី​មនុស្ស​រងគ្រោះ​នៅឡើយ ចំណែក​មូលហេតុ​ដែល​ប​ណ្ដា​ល​ឲ្យ​ភ្លើង​ឆេះ ស្ថិតក្រោម​ការស៊ើបអង្កេត ។​

​អគារ​សម័យ​សតវត្ស​ទី 17 ត្រូវបាន​ប្រើប្រាស់​ជា​សារមន្ទីរ ក្រោយពី​ប្រទេស ឥណ្ឌូនេស៊ី ទទួលបាន​ឯករាជ្យ​ពី​ប្រទេស ហុ​ល្លង់ ក្នុង​ឆ្នាំ 1976 ជា​កន្លែង​ដាក់តាំង​វត្ថុ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការធ្វើ​នាវាចរណ៍ ព្រមទាំង​បំណែក​នាវា​បែកបាក់ ព្រមទាំង​របស់របរ​ផ្សេងៗ ទាក់ទង​នឹង​ផ្លូវទឹក បង្ហាញ​អំពី​ធាតុពិត​នៃ​ប្រទេសមួយ​ដែល​កើតឡើង​ដោយសារ​កម្រង​កោះ​ជាង 17000 ហើយពីរ​ភាគបី​នៃ​ផ្ទៃដី គឺជា​ដែនទឹក ។ ការិយាល័យ​កេរដំណែល ឥណ្ឌូនេស៊ី នៅ​មិនទាន់​អាច​បញ្ជាក់​អំពី​ទំហំ​នៃ​ការខូចខាត​នៅឡើយ ៕